ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនកម្ពុជាចំនួន៥ បានចាប់ផ្តើមនាំចេញញផ្លែចេកអំបូងលឿងចំនួន ១០០តោនទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគ យល់គ្នាជាមួយក្រុមហ៊ុនកកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ស្តីពីការនាំចេកស្រស់ចេញទៅកាន់ទីផ្សារចិន។
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម លោកងិន ឆាយបានមានប្រសាសន៍ឲ្យដឹង នៅក្នុងពិធីពិធីសម្ភោធការនាំចេញផ្លែចេកអំបូងលឿងស្រស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនកាលពីពេលថ្មីៗនេះថា ផលិតកម្មចេកអំបូងលឿងដែលកំពុងមានទីផ្សារខ្ពស់នៅអន្តរជាតិ ហើយកំពុងត្រៀមរៀបចំធ្វើការនាំចេញជាបន្តបន្ទាប់នាចាប់ពីពេលនេះតទៅ។
លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននសម្តែងនូវសេចក្តីសោមនស្សរីករាយជាអនេក អបអរសាទរ និងវាយតម្លៃយ៉ាងខ្ពស់ចំពោះពិធីសម្ពោធការនាំចេញផ្លែចេកស្រស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនដែលរៀប ចំដោយកិច្ចសហការរវាងក្រសួង ជាមួយស្ថានទូតចិននាពេលនេះ។
លោករដ្ឋមន្ត្រីបន្តថា ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យកសិកម្ម២០១៩-២០២៣ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ ក្រសួងដែលមានអគ្គនាយកដ្ឋានកសិកម្ម ជាសេនាធិការបានខិតខំពុះពារគ្រប់បែបយ៉ាងក្នុងឆន្ទ:ច្បាស់លាស់ គឺធ្វើយ៉ាងណានាំកសិផលកម្ពុជា ឲ្យបានចូលក្នុងទីផ្សារអន្តរជាតិ ហើយការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋានកសិកម្ម និងគ្រប់ភាគីពាក់ព័ន្ធបានទទួលលទ្ធផលគួរជាទីមោទនៈ ជាក់ស្តែងគឺថ្ងៃនេះ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា “លទ្ធផលនេះ មិនអាចកាត់ផ្តាច់បានពីកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងភាគីទាំងពីរក្នុងការចរចារ ការឧបត្ថម្ភ គាំទ្រទាំងច្បាប់ និងបច្ចេកទេសពីភាគីចិនធ្វើយ៉ាងណា ដើម្បីនាំផ្លែចេកស្រស់កម្ពុជាចូលទៅក្នុងទីផ្សារចិន ហើយទីបំផុតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ”។
ក្នុងចំណោម១០ក្រុមហ៊ុន ដែលបានដាក់ពាក្យស្នើសុំគោការណ៍អនុញ្ញាតនាំចេញផ្លែចេកអំបូងលឿងស្រស់ មានតែក្រុមហ៊ុនចំនួន០៥ មានក្រុមហ៊ុនសុវណ្ណរាជសី ឡុងស្រេងហ៊ុយជៀន ហ្គែនឡែន ហ្គ្រីនអាយឡែន និងក្រុមហ៊ុនឡងមេត ដែលគោរពបានតាមលក្ខខណ្ឌច្បាប់ និងបច្ចេកទេស ហើយអាចធ្វើការនាំចេញចេកស្រស់ទៅកាន់ទីផ្សារចិនលើកទី១ បានចំនួនជាង១០០តោននាថ្ងៃនេះ។
លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៩ ឧសភានេះថា ការនាំចេញនូវចេកអំបូងលឿងទៅកាន់ទីផ្សារចិនរបស់កម្ពុជានាពេលនេះ ពិតជាមានសញ្ញាល្អដែលកន្លងមកនេះ ប្រទេសកម្ពុជាមិនដែលមានចេកអំបូងលឿង ក្នុងការនាំចេញទៅកាន់ប្រទេសចិន ឬទីផ្សារអន្តរជាតិក៏ដោយ។
លោកឧកញ៉ាបន្តថា “ជាជំហានដំបូង គឺទីផ្សារប្រទេសចិនមានតម្រូវការខ្ពស់ យើងនាំទៅចិនសិន បន្ទាប់មកទៀតអាចនឹងមានទីផ្សារអារ៉ាប់ ; និងខាងអឺរ៉ុប តែយើងមិនទាន់មានចុះកិច្ចសន្យាលើមុខទំនិញមួយមុខនោះទេ មានតែមានចុះហត្ថលេខាលើពាណិជ្ជកម្មគ្រប់មុខទំនិញរាប់ពាន់មុខ”៕