ទំហំពាណិជ្ជកម្ម ជប៉ុនសម្រេចបានទឹកប្រាក់ជាង១២០០លានដុល្លារ

0

ដោយៈ គង់ ម៉ាលីនណា

    ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​ទ្វេរភាគី​រវាង​កម្ពុជា-ជប៉ុន ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥ បាន​​​បង្ហាញសញ្ញាវិជ្ជមានគួរឱ្យ​កត់​សម្គាល់ ដោយសម្រេចបាន​ក្នុង​ទឹក​ប្រាក់​សរុប​ជាង ១,២​ ពាន់លាន​ដុល្លារ កើន​ឡើង​ជិត៣០% បើ​ធៀប​នឹង​ឆមាស​ទី​១ឆ្នាំមុន។

ប្រទេស​ជប៉ុន គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​ទី៥ របស់កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន អាមេរិក វៀតណាម និង​ថៃ​។​

ទិន្នន័យកត់​ត្រា​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា ​ឱ្យ​ដឹង​ថា ចាប់ពី​ខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ​២០២៥ ការ​នាំ​ចេញ​នាំចូល​ទំនិញ​រវាងកម្ពុជា-ជប៉ុន មាន​ទឹក​ប្រាក់​សរុប១២២៣,២៧លាន​ដុល្លារ កើន​ឡើង២៨,៧% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា ​ក្នុង​ឆ្នាំ​២០២៤ ដែល​មាន​៩៥០,២៨លាន​ដុល្លារ។

ក្នុង​ចំនួន​នេះ គឺ​កម្ពុជា​នាំ​ទំនិញ​ទៅ​ជប៉ុន៧៥៣,៥៥ លាន​ដុល្លារ កើនឡើង១៩,៩​%។ ចំណែក​ជប៉ុន​នាំ​ចូល៤៦៩,៧២លាន​ដុល្លារ កើន ៤៦,១%។​

ផ្អែក​តាម​តួលេខខាងលើ គឺក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥ ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា ​មាន​ឧត្តមភាព​លើ​ជប៉ុន​​ប្រមាណ២៨៣,៨២លាន​ដុល្លារ ខណៈ​កាល​ពី​ឆមាស​ទី១ ឆ្នាំ​២០២៤ មាន​ចំនួន ៣០៧,០៨ ​លាន​ដុល្លារ​។​

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​លើកឡើងថា ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ មាន​ភាព​វិជ្ជមាន​ជាបន្ត​បន្ទាប់ ដោយ​ភាគ​ច្រើន​នៃ​ទំនិញ ​ដែល​ជប៉ុន​នាំចូល​មក​កម្ពុជា គឺ​ជា​ផលិតផលសម្រេច រួមមាន​ រថយន្ត គ្រឿងម៉ាស៊ីនទំនើបៗ ឧប​ករណ៍​អេឡិចត្រូនិច និងផលិតផលប្រើប្រាស់​បច្ចេកវិទ្យា​ ទំនើបៗ​ជា​ច្រើន​​ទៀត​។

ចំណែក​ទំនិញ​ដែល​កម្ពុជា ​នាំ​ទៅ​ទីផ្សារ​ជប៉ុនមាន​ដូច​ជា ផលិត​ផល​វាយនភណ្ឌ​(សម្លៀកបំពាក់ កាបូប ស្បែកជើង) គ្រឿងបង្គុំ​អេឡិចត្រូនិក/អគ្គិសនី គ្រឿងសង្ហារឹម គ្រឿងសំអាង និងផលិត​ផល​កសិកម្ម​។

លោក​បន្ត​ថា ដោយសារកម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​មាន​​រោងចក្រ​ កាន់​តែ​ច្រើនចូល​មក​​បើក​ដំណើរការ​ ដូច្នេះ​ទឹក​ប្រាក់​នៃ​ការ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ជប៉ុន​ នឹង​បន្ត​កើន​ឡើង​ច្រើន​បន្ថែម​ទៀត ​នា​ពេល​ខាង​មុខ។

RCEP គឺជាកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី ដែលមានសមាជិកសរុបចំនួន១៥ប្រទេស រួមមាន សមាជិកអាស៊ានទាំង១០ប្រទេស និងប្រទេសជាដៃគូអាស៊ានទាំង៥ គឺចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់។

របាយការណ៍​​ក្រសួង​ពាណិជ្ជកម្ម បាន​ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ មាន​ក្រុមហ៊ុន​/សហគ្រាស​ជប៉ុន​ចំនួន៨៨ បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នៅ​កម្ពុជា ដោយ​ចំនួន​នេះកើន​ឡើង ២០,៥៥​%​​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ២០២៣។

ក្រសួង​ពាណិជ្ជកម្មបាន​ឱ្យដឹង​ថា កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-​ជប៉ុន គឺមាន​ភាព​ល្អ​ប្រសើរ​ ដោយ​ក្នុង​ឆ្នាំ​២០២៤ កន្លង​មក​​ភាគី​ទាំង២ បាន​ជួប​ពិភាក្សា​គ្នា​ជាច្រើន ជា​ពិសេស​ក្រសួង​ពាណិជ្ជកម្ម​ បាន​ចូលរួម​ប្រជុំ​ពិភាក្សា​ លើ​ការងារ​ពាណិជ្ជកម្ម​កម្ពុជា-​ជប៉ុន ក្រោម​ប្រធាន​បទ “ធុរកិច្ច​ឥណទាន​កាបូន និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here