ដោយ វុត្ថា
ភ្នំពេញៈ ភ្ញៀវទេសចរអន្តរជាតិដែលមកដល់កម្ពុជា តាមរយៈនាវាទេសចរណ៍ខ្នាតយក្សធំៗ ដែលចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កន្លងមកនោះ ក៏ចង់នាំគ្នាទៅទស្សនាកម្សាន្តនៅរមណីយដ្ឋានអង្គរ ក្នុងរយៈពេលខ្លីណាមួយផងដែរ ប៉ុន្តែមិនទាន់មានសេវាដឹកជញ្ជូនតាមផ្លូវអាកាស ដែលអាចវិលមកវិញទាន់ការចាកចេញរបស់នាវា។

-->
លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ អាណត្តិទី៦ របស់គណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេសកាលពីថ្ងៃទី៨ ខែឧសភាឆ្នាំ២០១៩ កន្លងមកនេះថា ភ្ញៀវទេសចរភាគច្រើន ពួកគាត់មានបំណងចង់ទៅទស្សនាតាមកោះនានា និងចង់ជិះយន្តហោះទៅទស្សនាកម្សាន្តនៅប្រាសាទអង្គរវត្ត ដោយវិលល្ងាចឱ្យទាន់ជើងនាវាចេញទៅវិញ ប៉ុន្តែការលំបាកលើទូកទេសចរណ៍មិនមានម៉ោងកំណត់ជាក់លាក់ ហើយជើងហោះហើរមិនទៀងទាត់ទៀត។
លោកបន្តថា “ចំណុចនេះ គឺបានបញ្ជាក់ពីការខាតបង់កំណើនភ្ញៀវទេសចរ ដែលទៅទស្សនារមណីយដ្ឋានអង្គរ ដោយសារបញ្ហាការដឹកជញ្ជូនតាមផ្លូវអាកាសនេះ ក៏ដូចជាភាពមិនទៀងទាត់ នៃការចេញចាករបស់នាវាទេសចរណ៍អន្តរជាតិទាំងនោះ”។ លោកបន្តថា “ជាមួយគ្នានេះ ការចូលចតរបស់នាវាទេសចរណ៍ទាំងនោះ មានរយៈពេលជាមធ្យមប្រមាណត្រឹមតែ១៥ម៉ោងប៉ុណ្ណោះ”។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ពាក់ព័ន្ធនឹងបញ្ហានេះចាំបាច់ត្រូវដោះស្រាយជាកញ្ចប់ ហើយតម្រូឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងផ្នែកឯកជន។
លោកបានដាក់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទ ត្រូវរៀបចំកិច្ចប្រជុំពិសេសបន្ទាន់មួយជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនេះ ពីព្រោះនេះមិនមែនគ្រាន់តែជាឱកាស ដែលកម្ពុជាអាចចាប់យកភ្ញៀវទេសចរអន្តរជាតិជាក្រុមធំៗប៉ុណ្ណោះទេ តែវាក៏ជាឱកាសនៃការត្រៀមរៀបចំជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២ ផងដែរ។
លោករដ្ឋមន្ត្រីបន្តថា អ្វីដែលរាជរដ្ឋាភិបាលបានខិតខំ ពង្រីកព្រលានយន្តហោះ និងកំពង់ផែនៅខេត្តព្រះសីហនុនោះ ក៏ដោយសាររាជរដ្ឋាភិបាលមានចក្ខុវិស័យ និងបានមើលឃើញពីនិន្នាការភ្ញៀវទេសចរតាមនាវាទេសចរណ៍ ដែលសុទ្ធតែភ្ញៀវទេសចរធំៗកម្រិតខ្ពស់ ហើយមានមួយភាគធំចង់ភ្ជាប់ដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានអង្គរផងដែរ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឲ្យដឹងដែរថា ចំណុចនេះ ពិតជាគួរឲ្យសោកស្តាយ ដែលមានភ្ញៀវទេសចរណ៍មកច្រើនតាមនាវា ហើយចង់មកលេងនៅក្នុងខេត្តសៀមរាប តែកម្ពុជាមិនមានមធ្យោបាយគ្រប់គ្រាន់សម្រាប់បំរើដល់ពួកគេ ដោយខ្វះខាតជើងយន្តហោះដឹកពួកគេ ឲ្យមកលេងកម្សាន្តក្នុងខេត្តសៀមរាប។
លោកស្រីថា “រដ្ឋាភិបាលគួតែបង្កើនជើងយន្តហោះដឹកអ្នកដំណើរពីខេត្តព្រះសីហនុ ទៅខេត្តសៀមរាបឲ្យបានច្រើន និងទៀតទាត់ ដើម្បីឲ្យភ្នាក់ងារទេសចរណ៍អាចយកទៅដាក់លក់បាន តាមរយៈការកក់សំបុត្រយន្តហោះ ដើម្បីមានភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍”។

បើតាម លោក លូ គឹមឈុន អគ្គនាយកនៃកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានឱ្យដឹងថា នៅរយៈពេល៤ខែ ដើមឆ្នាំ២០១៩នេះ កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានកត់ត្រាទុកចំនួននាវាទេសចរណ៍បាន៣០គ្រឿង កើនឡើង៥៧.៨៩% ដោយផ្ទុកភ្ញៀវទេសចរអន្តរជាតិចំនួន២៩,១១១នាក់ កើនឡើង ៧៨.២៥%។ សរុបទាំងអស់មានចំនួន៩៧គ្រឿង ផ្ទុកភ្ញៀវទេសចរអន្តរជាតិសរុប៩៥,២៤៧នាក់ ដែលនេះជាកំណើនមួយដ៏ល្អសម្រាប់កម្ពុជា៕