ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា ការលើកលែងទិដ្ឋាការពលរដ្ឋចិនក្នុងរយៈពេល៤ខែ នៅឆ្នាំ២០២៦ គឺជាលទ្ធផលជាប្រវត្តិសាស្ត្រ ជាពិសេសនៅក្នុងក្របខណ្ឌ “ឆ្នាំទេសចរណ៍កម្ពុជា ចិន ២០២៥-២០២៦”។
លោករដ្ឋមន្រ្តីបានថ្លែងបែបនេះ កាលពីថ្ងៃទី១៨ ធ្នូ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើយន្តការ និងនីតិវិធីក្នុងការអនុវត្តសាកល្បង នៃការលើកលែងទិដ្ឋាការពលរដ្ឋចិន ក្នុងរយៈពេល៤ខែ នៅឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងមន្រ្តីពាក់ព័ន្ធជាច្រើន។

យោងសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល លេខ២០៧០ សជណ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យអនុវត្តសាកល្បង ការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។
ក្រសួងទេសចរណ៍រំពឹងថា គម្រោងសាកល្បងខាងលើ នឹងជំរុញកំណើនភ្ញៀវទេសចរចិនបន្ថែមទៀត ដែលអាចជួយទ្រទ្រង់ដល់សន្ទុះសេដ្ឋកិច្ចក្នុងរដូវកាលបៃតង (ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦)នាពេលខាងមុខ៕







