ដោយៈ ម៉ាលីនណា
ភ្នំពេញៈ របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេល១១ខែក្នុងឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបជិត៥,២លាននាក់។
ក្នុងនោះភ្ញៀវទេសចរមកពីមិត្តចិន មានចំនួនច្រើនជាង១,១ នាក់ កើនឡើងជិត៤៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
-->
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានមានប្រសាសន៍ក្នុងពិធីមួយកាលពីចុងសប្តាហ៍មុនថា កម្ពុជា ត្រូវតែត្រៀមលក្ខណសម្បត្តិឱ្យគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍ ការត្រលប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាស ទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជា ជាពិសេសលើការផ្តល់ការលើកលែងទិដ្ឋាការ ដល់ប្រជាជនចិន ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងដំបូង ដែលមានរយៈពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្នុងរដូវកាលបៃតងខាងមុខ។
តាមន័យនេះ ក្នុងរយៈពេល៤ខែខាងលើ ប្រជាជនចិនទាំងអស់ដែលកាន់លិខិតឆ្លងដែនសញ្ជាតិចិន ធ្វើដំណើរផ្ទាល់ពីប្រទេសចិន ឬ ពីប្រទេសដទៃផ្សេងទៀត អាចធ្វើដំណើរមកកម្ពុជា ដោយពុំមានការស្នើសុំទិដ្ឋាការជាមុន និងពុំមានបង់កម្រៃអ្វីឡើយ គឺតម្រូវឱ្យបំពេញត្រឹមតែ E-arrival card ប៉ុណ្ណោះ។
លោករដ្ឋមន្រ្តី បានស្នើគ្រប់ភាគីទាំងអស់ ត្រូវបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កាលានុវត្តភាពវិនិយោគ ពិសេសគឺការលើកលែងទិដ្ឋាការ ដល់ប្រជាជនចិននាឆ្នាំ២០២៦ ខាងមុខនេះ ឱ្យបានទូលំទូលាយ និងដល់ភ្ញៀវទេសចររបស់ក្រុមហ៊ុន ដើម្បីបង្កើនចំនួនភ្ញៀវទេសចិន មកទស្សនាកម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត៕