ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈគណៈកម្មការអន្តរក្រសួងដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស នៅពេលខាងមុខ នឹងចាត់វិធានការលើក្រុមហ៊ុនអាកាសចរណ៍ណា ពាក់ព័ន្ធនឹងបញ្ហាឧស្សាហ៍លុបចោល និងពន្យារពេលហោះហើរជារឿយៗ ដែលបង្កការរិះគន់យ៉ាងខ្លាំងសម្បើមពីសំណាក់ភ្ញៀវទេសចរ និងអ្នកដំណើរ។
ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ អាណត្តិទី៦ របស់គណៈកម្មការអន្តរក្រសួងកាលពីពេលថ្មីៗនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា កន្លងមក ធ្លាប់មានភ្ញៀវទេសចរ និងអ្នកដំណើរបានលើកឡើងពីការរិះគន់ដោយផ្ទាល់ និងប្រយោលចំពោះក្រុមហ៊ុនអាកាសចរណ៍មួយនៅកម្ពុជាដែលតែងតែឧស្សាហ៍លុបចោលជើងហោះហើរ ឬក៏ពន្យារពេលហោះហើរ ដោយគ្មានហេតុផលត្រឹមត្រូវ ហើយពេលខ្លះគ្មានបញ្ហាអាកាសធាតុអ្វីសោះ ក៏មានការលុបចោល ឬពន្យារពេលហោះហើរដែរ។
លោករដ្ឋមន្ត្រីបន្តថា បញ្ហានេះធ្វើឱ្យភ្ញៀវមានការខកចិត្ត មិនសប្បាយចិត្តទាល់តែសោះ ហើយករណីនេះ មន្ត្រីថ្នាក់ដឹកនាំភាគច្រើន ក៏ដូចភ្ញៀវទេសចរ ក៏តែងបានជួបបញ្ហាជាមួយក្រុមហ៊ុនអាកាសចរណ៍មួយនេះជាញឹកញាប់ ដែលជាហេតុធ្វើឲ្យពេលខ្លះ ខកដំណើរទៅចូលរួមប្រជុំ ខកដំណើរក្នុងការតភ្ជាប់ជើងហោះហើរ ខាតបង់ពេលវេលា ហើយពេលខ្លះខូចដល់គម្រោងផែនការធំៗផងក៏មាន។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក រដ្ឋមន្ត្រីបានប្រកាសថា នាពេលខាងមុខ គណៈកម្មការអន្តរក្រសួងនឹងកោះប្រជុំជាមួយក្រុមហ៊ុនមួយនេះ ក៏ដូចជាក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះ ភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីពិភាក្សា ឬក៏ចាត់វិធានការណាមួយចំពោះបញ្ហាច្រំដែលៗដែលកើតមានយូរហើយផងដែរ។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានសម្តែងការស្វាគមន៍ចំពោះចំណាត់ការរបស់រដ្ឋាភិបាលលើក្រុមហ៊ុនអាកាសចរណ៍ រឿងឧស្សាហ៍លុបចោល និងពន្យារពេលហោះហើរ នេះ ព្រោះទាំងអ្នកធ្វើដំណើរ អ្នកជំនួញ និងអ្នកទេសចរណ៍មិនចង់ឲ្យមានការខកជើងហោះហើរឡើយ ។
លោកបន្តថា បើរដ្ឋាភិបាលអាចចាត់វិធានការចំពោះករណីនេះ អ្នករកស៊ីក្នុងវិស័យទេសចរណ៍ ជាពិសេសភា្នក់ងារទេសចរណ៍ រកចំណូលបានពីវិស័យទេសចរណ៍ និងភ្ញៀវទេសចរណ៍មានជំនឿ ព្រមទាំងមកលេងកម្សាន្តក្នុងប្រទេសកម្ពុជាកាន់ច្រើនថែមទៀត៕