រដ្ឋបាលហុងកុងគ្រោងដាក់លក់ដីឡូតិ៍លំនៅឋានបន្ថែមទៀត ខណៈអ្នកអភិវឌ្ឍន៍បង្ហាញសុទិដ្ឋិនិយម

0

ដោយ: សហសេវិក
អន្តរជាតិ: រដ្ឋបាលទីក្រុងហុងកុងនៃប្រទេសចិនបានរាយការណ៍ថា ការផ្គត់ផ្គង់ដីលំនៅឋានឯកជននៅឆ្នាំហិរញ្ញវត្ថុ២០២៥-២០២៦ នឹងកើនឡើងខ្ពស់ជាងការគ្រោងទុកចំនួន២០ភាគរយ ដោយសារអ្នកអភិវឌ្ឍន៍មានសុទិដ្ឋិនិយមជាងមុន។

ឆ្នាំហិរញ្ញវត្ថុ (financial year) រាប់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

រដ្ឋបាលក្រុងហុងកុងគ្រោងនឹងដាក់លក់ទីតាំងដីលំនៅឋានខ្នាតតូច និងមធ្យមចំនួន២បន្ថែមទៀតរវាងខែមករា និងខែមីនា ឆ្នាំ២០២៦ ហើយការផ្គត់ផ្គង់ដីសរុបត្រូវបានគេរំពឹងថា នឹងជំរុញដល់ការសាងសង់ផ្ទះប្រហែល១៦.០០០យូនីតនៅចុងខែមីនា។

ការផ្គត់ផ្គង់ដីធ្លីលើសពីគោលដៅ ជាសញ្ញាវិជ្ជមានបង្ហាញថា ទីផ្សារអចលនទ្រព្យឯកជននៅទីក្រុងហុងកុងកំពុងស្ទុះងើបឡើងវិញ ខណៈដីឡូតិ៍ចំនួន២កន្លែងនឹងត្រូវបានប្រកាសដាក់លក់ដោយអាជ្ញាធរហុងកុងនៅត្រីមាសទី១ ឆ្នាំនេះ។

យោងតាមទិន្នន័យរបស់រដ្ឋបាលហុងកុងបង្ហាញថា តម្លៃផ្ទះឯកជននៅហុងកុងបានកើនឡើង០,៩ភាគរយនៅខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាការកើនឡើងរយៈពេល៦ខែជាប់គ្នា ដោយសារការបញ្ចុះអត្រាការប្រាក់ និងភាពរឹងមាំនៃទីផ្សារភាគហ៊ុន។

តម្លៃផ្ទះនៅទីក្រុងមួយនេះបានកើនឡើង២,៨ភាគរយនៅឆ្នាំ២០២៥ បន្ទាប់ពីដាំក្បាលចុះជិត៣០ភាគរយពីកម្រិតកំពូលនៅឆ្នាំ២០២១ នៅពេលមានការដំឡើងអត្រាការប្រាក់ ការថយចុះនៃសន្ទុះសេដ្ឋកិច្ច និងតម្រូវការថយចុះ ដោយសារការរឹតបន្តឹងជំងឺកូវីដ និងច្បាប់សន្តិសុខថ្មី។

រដ្ឋបាលទីក្រុងហុងកុងបានផ្អាកការលក់ដីពាណិជ្ជកម្មចាប់តាំងពីឆ្នាំហិរញ្ញវត្ថុ២០២៣-២០១៤ ដោយសារតែតម្រូវការការិយាល័យនៅតែបន្តធ្លាក់ចុះ៕ប្រភព: REUTERS៕

LEAVE A REPLY

Please enter your comment!
Please enter your name here