តើទីផ្សារអចលនទ្រព្យនៅតំបន់អឺរ៉ុបក្នុងឆ្នាំ២០២៦នេះ នឹងមានស្ថានភាពប្រែប្រួលដូចម្តេចខ្លះ?

0

ដោយ: សហសេវិក
អន្តរជាតិ: ទិដ្ឋភាពទីផ្សារអចលនទ្រព្យរបស់តំបន់អឺរ៉ុបកំពុងឈានចូលដល់ដំណាក់កាលដ៏សំខាន់មួយ។ ទីផ្សារកំពុងបង្ហាញសញ្ញាងើបឡើងវិញ បន្ទាប់ពីជួបប្រទះបញ្ហាសេដ្ឋកិច្ចជាច្រើនឆ្នាំ រួមទាំងការដំឡើងអត្រាការប្រាក់ ការផ្លាស់ប្តូរបទប្បញ្ញត្តិ និងការថយចុះនៃតម្រូវការ។

យ៉ាងណាមិញ គេសង្កេតឃើញថា ពុំមែនគ្រប់ផ្នែក ឬទីតាំងទាំងអស់នៃទីផ្សារអចលនទ្រព្យនៅតំបន់អឺរ៉ុបស្ទុះងើបឡើងវិញនោះទេ។

តួយ៉ាង ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងធំៗនៅតែបន្តទាក់ទាញលំហូរដើមទុនវិនិយោគ ខណៈទីផ្សារអចលនទ្រព្យបន្ទាប់បន្សំ(secondary market) ប្រឈមមុខនឹងការបញ្ចុះតម្លៃ និងបញ្ហាសាច់ប្រាក់។

ទីផ្សារលំនៅឋាននៅទូទាំងទ្វីបអឺរ៉ុបត្រូវបានគេព្យាករណ៍ថា នឹងមានស្ថិរភាព និងកើនឡើងក្នុងកម្រិតមធ្យមនៅឆ្នាំ២០២៦ ដែលជំរុញដោយតម្រូវការប្រជាសាស្ត្រ និងកង្វះខាតនៃការផ្គត់ផ្គង់លំនៅឋាននៅក្នុងប្រទេសអឺរ៉ុបជាច្រើន។

តម្លៃលំនៅឋានត្រូវបានគេរំពឹងថានឹងកើនឡើងជាលំដាប់នៅក្នុងទីផ្សារដូចជា អាល្លឺម៉ង់ និងអេស្ប៉ាញ ខណៈតម្លៃផ្ទះនៅអង់គ្លេសអាចសម្រេចបានកំណើនតិចតួច ដោយសារភាពប្រសើរឡើងនៃលទ្ធភាពស្វែងរកប្រាក់កម្ចីទិញផ្ទះ និងសកម្មភាពអ្នកទិញផ្ទះលើកដំបូង ខណៈអត្រាការប្រាក់ធ្លាក់ចុះ។

ជាពិសេស ទីផ្សារជួលលំនៅឋានបង្ហាញពីមូលដ្ឋានគ្រឹះដ៏រឹងមាំ។ តម្លៃជួលលំនៅឋាននៅអឺរ៉ុបត្រូវបានគេព្យាករថា នឹងកើនឡើងលឿនជាងតំបន់នានា ដោយសារស្ថិរភាពនៃតម្រូវការអ្នកជួល និងការផ្គត់ផ្គង់ថ្មីនៅមានកំណត់។

បណ្តាទីក្រុង ដែលមានកង្វះខាតលំនៅឋាន ឬកំណើនសេដ្ឋកិច្ចខ្ពស់ ដូចជាទីក្រុងម៉ាឌ្រីដរបស់អេស្ប៉ាញ ទីក្រុង Amsterdam របស់ហូឡង់ និងទីក្រុង Munich របស់អាល្លឺម៉ង់ ត្រូវបានគេរំពឹងថា ទីតាំងវិនិយោគ ដែលអាចទទួលបានផលចំណេញខ្ពស់ជាងគេ។

ទោះជាយ៉ាងណា កង្វះលទ្ធភាពទិញផ្ទះនៅតែជាបញ្ហាប្រឈម ដោយទាមទារឱ្យមានការដាក់ចេញគោលនយោបាយឆ្លើយតប ដូចជា បទប្បញ្ញត្តិកាន់តែតឹងរ៉ឹងលើការជួលរយៈពេលខ្លី ដើម្បីជួយបង្កើនការផ្គត់ផ្គង់លំនៅឋានរយៈពេលវែងនៅក្នុងតំបន់ទីក្រុងដែលមានតម្រូវការខ្ពស់៕ប្រភព: The Guardian៕

LEAVE A REPLY

Please enter your comment!
Please enter your name here