ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យឥណ្ឌូនេស៊ីត្រូវបានគេរំពឹងថា នឹងរក្សាបានកំណើនប្រកបដោយស្ថិរភាពនៅឆ្នាំ២០២៦នេះ ដោយសារនិន្នាការកំណើនប្រជាសាស្ត្រ នគរូបនីយកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីគោលនយោបាយជំរុញរបស់រដ្ឋាភិបាល។
កំណើនតម្លៃអចលនទ្រព្យនៅទូទាំងប្រទេសអាស៊ានមួយនេះត្រូវបានគេព្យាករថា នឹងស្ថិតក្នុងរង្វង់ពី៣ភាគរយទៅ៧ភាគរយក្នុងឆ្នាំ២០២៦ ដោយសារកំណើនសេដ្ឋកិច្ច និងតម្រូវការ។
ចំនួនប្រជាជនឥណ្ឌូនេស៊ីកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដែលជំរុញឱ្យមានតម្រូវការលំនៅឋាន និងការអភិវឌ្ឍគម្រោងអចលនទ្រព្យពហុមុខងារនៅតាមទីក្រុងសំខាន់ៗដូចជា រដ្ឋធានីហ្សាការតា ទីក្រុង Surabaya ទីក្រុង Bandung និងកោះបាលី។
-->
តម្រូវការលំនៅឋាននៅឥណ្ឌូនេសុីមានភាពរឹងមាំ ជាពិសេសលំនៅឋានដែលមានតម្លៃសមរម្យ ស្របពេលចំនួនប្រជាជនវណ្ណៈមធ្យមកើនឡើង។ យ៉ាងណាមិញ ការផ្គត់ផ្គង់លំនៅឋានប្រភេទនេះមិនទាន់អាចឆ្លើយតបនឹងតម្រូវការបាននៅឡើយ។

តម្លៃអចលនទ្រព្យនៅទីក្រុងហ្សាកាតា អាចនឹងកើនឡើងក្នុងល្បឿនយឺតជាងមុន ដោយសារកំណើននៃការផ្គត់ផ្គង់ថ្មី ខណៈតម្លៃអចលនទ្រព្យនៅគោលដៅទេសចរណ៍ល្បីៗ ដូចជា កោះបាលី អាចមានស្ថានភាពល្អប្រសើរខ្លាំង ដោយតម្លៃដីធ្លី ឬផ្ទះវីឡាអាចនឹងកើនឡើងចន្លោះពី១០ភាគរយទៅ១៥ភាគរយ។
ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌូនេសុីកំពុងព្យាយាមជួយជំរុញវិស័យអចលនទ្រព្យយ៉ាងសកម្មតាមរយៈការដាក់ចេញវិធានការ ក្នុងគោលដៅជួយលើកទឹកចិត្តដល់បណ្តាអ្នកអភិវឌ្ឍន៍ និងអ្នកទិញផ្ទះ។
ជាក់ស្តែង រដ្ឋាភិបាលបានបន្តអនុវត្តការលើកលែងពន្ធអាករលើតម្លៃបន្ថែម (VAT) ចំពោះការទិញអចលនទ្រព្យលំនៅឋានមួយចំនួនរហូតដល់ឆ្នាំ២០២៧ ដើម្បីពង្រឹងអំណាចនៃការទិញរបស់អ្នកទិញផ្ទះ ជាពិសេសក្នុងចំណោមប្រជាជនវណ្ណៈមធ្យម។
រដ្ឋាភិបាលឥណ្ឌូនេសុីក៏បានប្រកាសឧបត្ថម្ភធនលើអត្រាការប្រាក់ចំពោះប្រាក់កម្ចីសម្រាប់បណ្តាអ្នកអភិវឌ្ឍន៍ខ្នាតតូច និងម្ចាស់ផ្ទះ(homeowner) ក្នុងគោលបំណងពន្លឿនការសាងសង់ និងជួសជុលលំនៅឋាន ដែលមានតម្លៃសមរម្យ។
លើសពីនេះ ធនាគារកណ្តាលរបស់ឥណ្ឌូនេស៊ីបានបង្កើនការចាក់បញ្ចូលសាច់ប្រាក់ងាយស្រួល សំដៅជំរុញការផ្តល់ប្រាក់កម្ចីដល់អ្នកទិញអចលនទ្រព្យដើម្បីរក្សានូវកំណើនឥណទានក្នុងទីផ្សារលំនៅឋាន៕ប្រភព: Reuters៕
