ដោយ: សហសេវិក
អន្តរជាតិ: ធនាគារវិនិយោគខ្នាតយក្ស Goldman Sachs របស់សហរដ្ឋអាមេរិក គ្រោងប្រមូលកៀរគរប្រាក់ឱ្យបានចំនួន៥០០លានដុល្លារអាមេរិក ដើម្បីបណ្តាក់ទុនវិនិយោគលើទីផ្សារអចលនទ្រព្យរបស់ប្រទេសជប៉ុន។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កមួយនេះ បាននិងកំពុងទាក់ទាញបណ្តាអ្នកវិនិយោគក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដើម្បីវិនិយោគលើមូលនិធិនេះ ដោយទាញយកអត្ថប្រយោជន៍ពីការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យជប៉ុន ដោយសារការបញ្ចុះអត្រាការប្រាក់ និងការធ្លាក់ថ្លៃនៃប្រាក់យ៉េន។
មូលនិធិរបស់ធនាគារវិនិយោគខ្នាតយក្ស Goldman Sachs នឹងដាក់ចេញយុទ្ធសាស្ត្រនៃការវិនិយោគរយៈពេលវែង ហើយនឹងផ្តោតលើមជ្ឈមណ្ឌលទិន្នន័យ ភស្តុភារ លំនៅឋាន និងបដិសណ្ឋារកិច្ច។

កាលពីខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ ក្រុមហ៊ុន Morgan Stanley បានប្រមូលកៀរគរប្រាក់ចំនួន១៣១ពាន់លានយ៉េនសម្រាប់មូលនិធិវិនិយោគលើទីផ្សារអចលនទ្រព្យជប៉ុន។នេះបើយោងតាមការចុះផ្សាយដោយកាសែត Bloomberg។
ទីផ្សារអចលនទ្រព្យជប៉ុននៅតែគោលដៅដ៏ទាក់ទាញសម្រាប់បណ្តាអ្នកវិនិយោគបរទេស ខណៈអត្រាការប្រាក់ក្នុងប្រទេសនេះនៅតែមានកម្រិតទាបបើប្រៀបធៀបទៅនឹងបណ្តាប្រទេសអភិវឌ្ឍន៍ដទៃទៀត។
ការវិនិយោគលើទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសជប៉ុនបានហក់ឡើង២២ភាគរយក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ២០២៥ បើធៀបនឹងអត្រាកំណើនក្នុងរង្វង់២១ភាគរយនៅទូទាំងពិភពលោក៕ប្រភព: Bloomberg៕







