ដោយៈ ម៉ាណា
ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជាមិនអាចពឹងផ្អែក តែលើវិស័យកាត់ដេរ-ស្បែកជើង និងសម្ភារធ្វើដំណើរនោះទេ បើចង់ក្លាយជាប្រទេសចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាត បូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ នាល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។
-->
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា បើយើងចង់ឲ្យប្រទេសយើង ក្លាយទៅជាប្រទេស ដែលមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០ យើងមិនអាចពឹងផ្អែក លើវិស័យកាត់ដេរ ស្បែកជើង សម្ភារធ្វើដំណើរនោះទេ គឺត្រូវមានវិស័យគ្រឿងបង្គុំអេឡិចត្រូនិក កង់ សំបកយានយន្ដ និងគ្រឿងសង្ហារិម -ល”។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា កម្ពុជាសម្រេចបានជោគជ័យ ក្នុងការធ្វើពិពិធកម្មមុខទំនិញ ដោយពង្រីកការផលិត និងការនាំចេញកសិផលកែច្នៃ ឧស្សាហកម្មធុនស្រាល និងអេឡិចត្រូនិក ហើយបន្ថយការពឹងផ្អែកលើផលិតផលកាត់ដេរ និងវត្ថុធាតុដើមមិនទាន់កែច្នៃ។
លោកបន្ថែមថា ជាក់ស្តែងភាគរយ នៃការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ (GFT) បានថយចុះពី៩១% ក្នុងឆ្នាំ២០០០មក នៅប្រមាណ៣៧.៨៩% ក្នុងឆ្នាំ២០២៥។
ខណៈទំនិញកម្មន្តសាលមិនមែនកាត់ដេរ ដូចជា គ្រឿងបង្គុំអេឡិចត្រូនិក កង់ សំបកកង់យានយន្ត គ្រឿងសង្ហារិម រួមទាំងកសិផលកែច្នៃ បានកើនឡើងពី៩% ទៅ ៦២.១១% ក្នុងរយៈពេលដូចគ្នា។ នេះជាបញ្ជាក់បន្ថែម របស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៕
