ដោយ ដន
ភ្នំពេញ: គេហទំព័រទេសចរណ៍មួយបង្ហាញថា ការស្នាក់នៅក្នុងរាជធានីភ្នំពេញគឺស្ថិតក្នុងចំណោមទីក្រុងមួយ ដែលតម្លៃទាបបំផុតសម្រាប់ទិសដៅទេសចរណ៍អន្តរជាតិ។
ការបង្ហាញថាទីក្រុងភ្នំពេញ ស្ថិតក្នុងចំណោមទីក្រុង ដែលមានតម្លៃស្នាក់ទាបបំផុតគឺត្រូវបានធ្វើឡើងដោយគេហទំព័រ ដែលផ្តល់សេវាកម្មទេសចរណ៍អនឡាញ Globehunters ដែលបានស្រាវជ្រាវទិន្នន័យជួលកាលពីឆ្នាំ២០១៨ ចងក្រងដោយក្រុមហ៊ុន Airbnb ដែលជាអ្នកផ្តល់សេវាបដិសណ្ឋារកិច្ចអន្តរជាតិ ដែលមានទីស្នាក់ការនៅទីក្រុងសានហ្វ្រ៉ានស៊ីស្កូ (San Francisco)។
-->
គេហទំព័រ Globehunters ឲ្យដឹងទៀតថា “យើងបានសម្លឹងមើលទៅដល់គោលដៅចំនួន១០០ ដែលមានការទស្សនាបំផុតនៅលើពិភពលោក។ នេះបើយោងតាមការស្រាវជ្រាវរបសក្រុមហ៊ុន Euromonitor International (ក្រុមហ៊ុនសា្រវជ្រាវយុទ្ធសាស្រ្តទីផ្សារ) លើទីក្រុងគោលដៅសំខាន់ចំនួន ១០០ កាលពីឆ្នាំ២០១៨”។
គេហទំព័រនេះបានពន្យល់ថា ទីក្រុងនីមួយៗ យើងបានយកអត្រាជួលរបស់ក្រុមហ៊ុន Airbnb ជាមធ្យមប្រចាំថ្ងៃពោលគឺអត្រាក្នុងមួយយប់ជាមធ្យមបូកនឹងតម្លៃសម្រាក។
រាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់ទី៧ ជាទីក្រុងតម្លៃទាបបំផុត ក្នុងការជួលអចលនទ្រព្យដែលចុះបញ្ជីនៅ Airbnb ។ បណ្តាទីក្រុងអាស៊ីអាគ្នេយ៍ទីក្រុងហ្សាកាតា និងហាណូយជាប់ចំណាត់ថ្នាក់លេខ៣ និងលេខ៤ ខណៈទីក្រុងដែលមានតម្លៃទាបបំផុតនៅលើពិភពលោកគឺទីក្រុង វៀវ (Lviv) ប្រទេសអ៊ុយក្រែន។
ភ្ញៀវទេសចរបរទេសជិត៦,២លាននាក់ បានមកលេងកម្ពុជាកាលពីឆ្នាំមុនគឺកើនឡើង១១ភាគរយ បើធៀបនឹងឆ្នាំទៅមុនទៀត ខណៈភ្ញៀវទេសចរ២លាននាក់មកពីប្រ ទេសចិន។
អ្នកជំនាញក្នុងវិស័យទេសចរណ៍បាននិយាយថា វិស័យទេសចរណ៍រាជធានីភ្នំពេញអាចនឹងស្មើនឹងខេត្តសៀមរាប តាមរយៈការពង្រីកទៅកាន់ផ្នែកទីផ្សារ ទេសចរណ៍ផ្សេងៗ។
លោកឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា “យើងមិនត្រឹមតែមានប្រាសាទបុរាណល្បីៗ នៅខេត្តសៀមរាបប៉ុណ្ណោះទេ ប៉ុន្តែយើងមានតំបន់ទេសចរណ៍ផ្សេងទៀត ដូចជា រាជធានីភ្នំពេញដែលមិនផ្សព្វផ្សាយអោយបានទូលំទូលាយទៅកាន់ពិភពលោក”៕