ដោយ វុត្ថា
ភ្នំពេញៈ ពន្ធលើអចលនទ្រព្យ tax on real property មានអានុភាពទាំងផ្នែកសេដ្ឋកិច្ច និងរដ្ឋបាល។ ពន្ធនេះ គឺជា ប្រភពហិរញ្ញវត្ថុដ៏សំខាន់ របស់រដ្ឋបាលមូលដ្ឋាន និងមានឥទ្ធិពលយ៉ាងខ្លាំងដល់ការប្រើប្រាស់ដីធ្លី។
ក. អ្នកជាប់ពន្ធ
អ្នកជាប់ពន្ធ Taxpayer គឺជារូបវន្ដបុគ្គល ឬនីតិបុគ្គលដែលជាកម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬអ្នកទទួល ប្រយោជន៍ចុងក្រោយលើអចលនទ្រព្យទាំងមូល ឬប្រភេទអចនទ្រព្យណាមួយ ដូចមានចែងក្នុងកថាខណ្ឌទី១ នៃប្រការ៣ នៃប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្ដីពីការប្រមូលពន្ធលើអចលនទ្រព្យ។
កម្មសិទ្ធិករសំដៅដល់ រូបវន្ដបុគ្គលឬនីតិបុគ្គល ដែលមានប័ណ្ណសម្គាល់សិទ្ធិឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី។ ផ្ទុយទៅវិញ អ្នកកាន់កាប់ សំដៅដល់ រូបវន្ដបុគ្គល ឬនីតិបុគ្គល ដែលគ្មានប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី។
ដោយឡែកអ្នកទទួលប្រយោជន៍ចុងក្រោយ សំដៅដល់រូបវន្ដបុគ្គល ឬនីតិបុគ្គល ដែលទទួលនូវសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផលសិទ្ធិចាត់ចែង និងសិទ្ធិអាស្រ័យនៅចុងក្រោយលើអចលនទ្រព្យ។
ខ. កាតព្វកិច្ចរបស់អ្នកជាប់ពន្ធ
ផ្អែកតាមចំណុច ២ នៃសេចក្ដីជូនដំណឹងលេខ០០៦ ម្ចាស់អចលនទ្រព្យទាំងអស់ ទោះត្រូវជាប់ឬមិនត្រូវ ជាប់ពន្ធលើអចលនទ្រព្យក្ដី ត្រូវបំពេញព័ត៌មានអចលនទ្រព្យរបស់ខ្លួន ក្នុងទម្រង់លិខិត ព័ត៌មានអចលនទ្រព្យ (ឧបសម្ព័ន្ធ) ផ្ដល់ឱ្យដោយសាលាសង្កាត់ ហើយត្រូវប្រគល់ឱ្យសាលាសង្កាត់វិញ ក្នុងរយៈពេលយ៉ាងយូរ១០ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីបានទទួលទម្រង់លិខិតព័ត៌មានអចលនទ្រព្យនោះ។
អ្នកជាប់ពន្ធ taxpayer មានកាតព្វកិច្ចត្រូវចុះបញ្ជី ដាក់លិខិតប្រកាស (ឧបសម្ព័ន្ធ)និងបង់ប្រាក់ពន្ធជូន រដ្ឋបាលសារពើពន្ធក្នុងភូមិសាស្ដ្រ ដែលអចលនទ្រព្យនោះស្ថិតនៅ។ ចំពោះអ្នកជាប់ពន្ធដែលមានអចលនទ្រព្យច្រើន ការចុះបញ្ជីការដាក់លិខិតប្រកាស និងការបង់ប្រាក់ពន្ធលើអចលនទ្រព្យដាច់ដោយឡែកៗពីគ្នាដែរ៕