តើទីផ្សារអចលនទ្រព្យរបស់ប្រទេសអឺរ៉ុបមួយណា ដែលនឹងសម្រេចបានកំណើនខ្ពស់ជាងគេនៅឆ្នាំនេះ?

0

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមកាសែត Reuters បានរាយការណ៍ថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសអ៊ីតាលីអាចនឹងវ៉ាដាច់បណ្តាប្រទេសដទៃទៀតនៅតំបន់អឺរ៉ុបនៅឆ្នាំ២០២៦ ដោយសារស្ថិរភាពនយោបាយ និងភាពអំណោយផលនៃបទប្បញ្ញត្តិ។

ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ Scenari Immobiliari ព្យាករថា ប្រតិបត្តិការទិញ-លក់របស់ទីផ្សារអចលនទ្រព្យនៅប្រទេសអ៊ីតាលីនឹងកើនឡើង៨,៤ភាគរយនៅឆ្នាំនេះដល់ទំហំទឹកប្រាក់ចំនួន១៧៥,៨ពាន់លានអឺរ៉ូ (ប្រមាណ២០៥ពាន់លានដុល្លារ) ដោយទីផ្សារលំនៅឋាននឹងគ្របដណ្តប់ចំនួនជាង៨០ភាគរយ។

កំណើននេះនឹងវ៉ាដាច់កំណើន៧ភាគរយនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសអេស្ប៉ាញ កំណើន៦,៦ភាគរយនៅចក្រភពអង់គ្លេស កំណើន៤,១ភាគរយនៅអាល្លឺម៉ង់ និងកំណើន៣,២ភាគរយនៅបារាំង។

ស្ថិរភាពនយោបាយនៅក្នុងប្រទេសអ៊ីតាលីក្រោមការដឹកនាំរបស់លោកស្រីនាយករដ្ឋមន្ត្រី Giorgia Meloni ដែលកាន់អំណាចអស់រយៈពេល៣ឆ្នាំកន្លងមកនេះ កំពុងជួយទាក់ទាញបណ្តាវិនិយោគិន។

ប្រតិបត្តិការនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសអ៊ីតាលីបានកើនឡើងជិត៧ភាគរយកាលពីឆ្នាំ២០២៥ ដែលជាទីផ្សារអចលនទ្រព្យទាក់ទាញបំផុតទី២ របស់ទ្វីបអឺរ៉ុប បន្ទាប់ពីប្រទេសអេស្ប៉ាញ។នេះបើយោងតាមក្រុមហ៊ុន Scenari Immobiliari៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here