ដោយ ម៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានសម្រេចផ្តល់ហិរញ្ញប្បទានប្រមាណ១,២លានដុល្លារអាមេរិក ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាព នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងគោនយោបាយចម្បងៗរបស់ខ្លួន តាមរយៈការកសាងសមត្ថភាពស្ថាប័ន។
គម្រោងនេះ មានរយៈពេល៣០ខែ (ចាប់ពីខែឧសភា ឆ្នាំ២០១៩ ដល់ ខែតុលា ឆ្នាំ២០២១) ក្រោមការផ្តល់ហិរញ្ញប្បទានគិតជាទឹកប្រាក់ប្រមាណ ១,២ ដុល្លាអាមេរិកនេះ បានមកពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលនឹងត្រូវអនុវត្តដោយអង្គការ UNIDO ក្រោមមូលនិធិអភិវឌ្ឍឧស្សាហកម្ម។
គម្រោងនេះ ត្រូវបានប្រកាសឡើងក្រោមលោកសារុន ឬទ្ធា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោកស្រី Songmin SONG លេខាទី១ នៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ឋជាច្រើនទៀត។
ដៃគូសំខាន់ៗរួមមាន៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងទេសចរណ៍។
គម្រោងនេះមានគោលបំណងចំនួន២ធំៗ ទី១ បង្កើនសមត្ថភាពដល់មន្ត្រីរាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំទទួលបន្ទុក ដែលមានសមត្ថកិច្ចរៀបចំគោលនយោបាយអភិវឌ្ឍឧស្សាកម្ម ក៏ដូចជាបង្កើនការយល់ដឹងបន្ថែមអំពីបទពិសោធន៍នៃការអនុវត្តល្អៗពី បណ្តាប្រទេសមួយចំនួន រួមទាំងការដោះស្រាយបញ្ហាប្រឈម និងឧបសគ្គដែលប្រទេសកម្ពុជា កំពុងជួបប្រទៈក្នុងការអភិវឌ្ឍ វិស័យឧស្សាហកម្ម និងទី២ ការពិចារណាអំពីលទ្ធភាពនៃការធ្វើវិសោធនកម្មគោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្មកម្ពុជាឲ្យបានសមស្របទៅតាមបរិបទនៃការវិវត្តន៍របស់ឧស្សាហកម្ម៕