ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសអូស្ត្រាលីត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងនៅឆ្នាំ២០២៦នេះ ដោយសារការទម្លាក់អត្រាការប្រាក់របស់ធនាគារកណ្តាលអូស្ត្រាលី និងកំណើននៃតម្រូវការ ខណៈការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ។
យោងតាមការព្យាករណ៍ទីផ្សារអចលនទ្រព្យឆ្នាំ២០២៦ របស់ទីភ្នាក់ងារ Domain បានឱ្យដឹងថា តម្លៃលំនៅឋាននៅទីក្រុងស៊ីដនី និងទីក្រុងមែលប៊ន (Melbourne) នឹងសម្រេចបានកំណើនខ្ពស់ជាងគេបំផុត។
តួយ៉ាង តម្លៃផ្ទះនៅទីក្រុងសុីដនីត្រូវបានព្យាករថា នឹងកើនឡើង៧ភាគរយ ខណៈតម្លៃផ្ទះនៅទីក្រុងមែលប៊នអាចនឹងកើនឡើង៦ភាគរយ ហើយតម្លៃផ្ទះនៅទីក្រុង Brisbane ត្រូវបានគេរំពឹងថា នឹងកើនឡើង៥ភាគរយ។
-->
ជាមួយគ្នានេះ តម្លៃផ្ទះនៅទីក្រុង Adelaide ត្រូវបានព្យាករថា នឹងកើនឡើង៤ភាគរយ ខណៈតម្លៃផ្ទះនៅទីក្រុង Perth អាចនឹងកើនឡើង៥ភាគរយ ហើយតម្លៃផ្ទះនៅទីក្រុង Canberra ត្រូវបានគេរំពឹងថា នឹងកើនឡើង៥ភាគរយ។

ទន្ទឹមនេះ តម្លៃជួលលំនៅឋានត្រូវបានគេរំពឹងថា នឹងកើនឡើងនៅទីក្រុងស៊ីដនី ទីក្រុងមែលប៊ន និងទីក្រុងកង់បេរ៉ា ដោយសារការកើនឡើងនៃប្រាក់ចំណូលគ្រួសារ និងការផ្គត់ផ្គង់នៅមានកម្រិត ដែលមិនទាន់អាចឆ្លើយតបនឹងតម្រូវការ។
ជាក់ស្តែង តម្លៃជួលផ្ទះនៅទីក្រុងសុីដនីត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងរង្វង់៤ភាគរយនៅឆ្នាំ២០២៦ ខណៈតម្លៃជួលផ្ទះនៅទីក្រុងមែលប៊នរំពឹងកើនឡើង២ភាគរយ ហើយតម្លៃផ្ទះនៅទីក្រុងកង់បេរ៉ាត្រូវបានព្យាករថា នឹងកើនឡើង៣ភាគរយ៕ប្រភព: SBS News៕
