កំនើ​នប្រ​ជា​សាស្ត្រ​ និង​ទេសចរណ៍​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​ជាច្រើន​ទៅ​កាន់​ខេត្តសៀមរាប​

0

ដោយ​ ស៊ីវ​ ម៉េ​ង

សៀម​រា​បៈ​ ងាក​ចេញពី​វិស័យ​ទេសចរណ៍​ ខេត្តសៀមរាប​បាន​និង​កំពុង​ទាក់ទាញ​ការ​វិនិយោគ​ពី​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ ដើម្បី​ចាប់ផ្តើម​អភិវឌ្ឍន៍​គំរោង​លំនៅ​ដ្ឋាន​ និង​វិស័យ​អចលនទ្រព្យ​ដែល​កំពុង​រីកចម្រើន​នៅ​កម្ពុជា​។

ជាមួយនឹង​ការ​មកដល់​នូវ​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិសាសន៍​ ខេត្តសៀមរាប​ក៏បាន​និង​កំពុង​ទាក់ទាញ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ចូល​ទៅ​រស់នៅ​ និង​ប្រកប​អាជីវកម្ម​នានា​តាម​ជំនាញ​របស់​ពួកគេ​ផង​ដែរ​។

អភិបាលក្រុង​សៀមរាប​ លោក​នួន​ ពុទ្ឋា​រ៉ា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី៨​ ឧសភា​កន្លងមក​ថា​ រហូត​មកទល់​ពេលនេះ​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​សៀមរាប​បាន​កើនឡើង​ដល់​ប្រមាណ២៦០​,០០០នាក់​ហើយ​ និង​កំពុង​មា​នកំនើន​ថែមទៀត​ ដែល​ជាប្រចាំ​តង់​ស៊ី​តេ​ប្រជាពលរដ្ឋ​ចូល​មក​រស់នៅ​ ក្នុង​ក្រុង​សៀមរាប​កើនឡើង​ចន្លោះ​ពី៣ទៅ៥ភាគរយ​ជាប្រចាំ​។

លោក​បន្ត​ថា​ “ការ​កើនឡើង​នូវ​វត្តមាន​ប្រជាពលរដ្ឋ​នៅក្នុង​ទីក្រុង​ ដោយសារ​ការ​រីកចម្រើន​ផ្នែក​វិស័យ​ទេសចរណ៍​ និង​កត្តា​ជាច្រើន​ទៀត​”។

ក្រុង​សៀមរាប​ បច្ចុប្បន្ន​មាន​ភូមិ​ចំនួន៩៩​ និង​សង្កាត់​ចំនួន១២​ ខណៈ​ខេត្ត​នេះ​មាន​ស្រុក​និង​ក្រុង​សរុប​ចំនួន១២​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ លោក​ធួន​ ស៊ី​ណា​នបាន​មានប្រសាសន៍​ថា​ ដី​នៅក្នុង​ទីក្រុង​សៀមរាប​មាននៅ​សល់ទំនេរ​ច្រើន​ ហើយ​ការ​អភិវឌ្ឍ​ក្នុង​ទីក្រុង​ត្រូវតែ​មានការ​វិវត្ត​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ជា​រឿង​ធម្មតា​។ លោក​បន្ត​ថា​ ការ​កើនឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​នឹង​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​ កាន់តែ​ច្រើន​ថែមទៀត​មកកាន់​ខេត្តសៀមរាប​កាន់តែ​កើនឡើង​ថែមទៀត​។ លោក​បន្ត​ថា​ នៅ​ខេត្តសៀមរាប​ចំនួន​សណ្ឋាគារ​មិនខ្វះទេ​ តែ​ក្រៅពី​ប្រាសាទបុរាណ​ មាន​រមណីយដ្ឋាន​ធម្មជាតិ​កែច្នៃ​នៅ​មានកម្រិត​ ហើយ​ការគ្រប់គ្រង​ក៏​មិនទាន់​បាន​ល្អ​ប្រសើរ​នៅឡើយ​ ដូចជា​រមណីយដ្ឋាន​ភ្នំ​គូលែន​ជាដើម​។

លោក​បន្ត​ថា​ “ទាក់ទង​ការ​វិនិយោគ​បុរី​លំនៅ​ដ្ឋាន​ក្នុង​ខេត្ត​នេះ​ ខ្ញុំ​មិនបាន​ច្បាស់​ទេ​ តែ​អាច​មានការ​សិក្សា​ពី​អ្នក​វិនិយោគ​ច្បាស់លាស់​ហើយ​ ទើប​ពួកគេ​វិនិយោគ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក​”។

យោង​តាម​របាយការណ៍​ពី​គ្រឹះស្ថាន​អង្គរ​ ដែល​ចេញ​ផ្សាយ​ថ្មី​ៗនេះ​បាន​បង្ហាញថា​ កាលពី​ឆ្នាំ២០១៨ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ប្រមាណ២​,៥លាន​នាក់​ កើនឡើង៥​,៤ភាគរយ​ធៀប​នឹង​ឆ្នាំ២០១៧​។ ចំណែក​រយៈពេល៤ខែ​ដើមឆ្នាំ២០១៩នេះ​ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន៩៧៣​,៣០៥​ នាក់​រយៈពេល៤ខែ​ដើមឆ្នាំ​ ២០១៩​។

លោក​ពេជ្រ​ សុ​ប៉ុន​តារា​ប្រធាន​ផ្នែក​បង្កើន​ជើងហោះហើរ​នៃ​ក្រុមហ៊ុន​អាកាសយាន​ដ្ឋាន​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​កាលពី​ឆ្នាំមុន​ទទួលភ្ញៀវ​ឆ្លងកាត់​ចំនួន៤​,៥លាន​នាក់​ និង​ដោយមាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន៣៧កំពុង​ហោះហើរ​ឡើងចុះ​ជាប្រចាំ​នៅ​ព្រលា​នយន្តហោះ​នេះ​។លោក​បន្ត​ថា​ សំរាប់​ឆ្នាំ២០១៩នេះ​ យើង​រំពឹង​ថា​ចំនួន​ភ្ញៀវ​ឆ្លង​កា​ត់​ព្រលា​នយន្តហោះ​នេះ​ នឹង​នៅតែ​មាន​ភាពល្អ​ប្រសើរ​ បើ​ទោះជា​អាច​ស្ថិត​ក្នុង​ស្ថានភាព​ទ្រឹង​ក៏ដោយ​។

លោក​បន្ត​ថា​ “ខេត្តសៀមរាប​ គួរ​មាន​ផលិតផល​ទេសចរណ៍​ថ្មី​បន្ថែម​ទៀត​ ក្រៅពី​តំបន់​រមណីយដ្ឋាន​អង្គរ​ ដើម្បី​បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មក​ទស្សនា​ និង​ស្នាក់នៅ​កាន់តែ​យូរ​នៅ​កម្ពុជា​”។

បច្ចុប្បន្ន​ក្រុមហ៊ុន​អង្គរ​លែ​នដ៏​ម៉ាក​ បាន​និង​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ថៃ​ និង​កូរ៉េ​ចំនួន៣​ ដើម្បី​សាងសង់​រមណីយដ្ឋាន​ និង​ផ្សា​រប​ណ្តែង​ទឹកជា​លើកដំបូង​នៅក្នុង​ស្រុក​បន្ទាយស្រី​ ដែល​ស្ថិតនៅ​លើ​ផ្ទៃដី៥០ហិ​កតា​ និង​គ្រោង​បោះទុន​វិនិយោគ​២០០លាន​ដុល្លារ​អាមេរិក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here