ហ្វូង​សត្វ​ប្រចៀវ​ នៅ​ល្អាង​ភ្នំសំពៅ​ក្លាយ​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​

0

ដោយ​គង់​ សូ​រិយា​

បាត់​ដំ​បងៈ​ ក្រោយពី​ដើរលេង​កម្សាន្ត​តាម​រមណីយ​ដ្ឋាន​ផ្សេង​ៗ នៅពេល​ព្រឹក​ និង​ពេលរសៀល​ ភ្ញៀវ​ទេសចរណ៍​នានា​ ពិសេស​ភ្ញៀវ​អន្តរជាតិ​នៅ​ម៉ោង៤រសៀល​ មាន​អ្នកខ្លះ​ជិះ​រឺ​ម៉ក​កង់​បី​ រថយន្តក្រុង​ និង​ជិះកង់​ជាដើម​ សំដៅ​ទៅកាន់​ភ្នំសំពៅ​ ដើម្បី​រង​ចាំ​មើល​ការ​ចេញ​រក​ចំណី​របស់​ហ្វូង​សត្វ​ប្រចៀវ​រាប់​លាន​ក្បាល​ ចេញពី​ល្អាង​ភ្នំ​ នៅ​ម៉ោង​ជិត៦ល្ងាច​។

ហ្វូង​សត្វ​ប្រចៀវ​នៅ​ល្អាង​ភ្នំសំពៅ​ បាន​ធ្វើឲ្យ​មានការ​ទាក់ទាញ​យ៉ាង​ខ្លាំង​ដល់​ភ្ញៀវ​ទេសចរ​បរទេស​ ទៅ​ទស្សនា​កាន់តែ​ច្រើន​ឡើង​ៗពី​មួយថ្ងៃ​ទីមួយ​ថ្ងៃ​ សម្រាប់​ខេត្តបាត់ដំបង​។

ប្រជាពលរដ្ឋ​រស់នៅ​ជើងភ្នំ​សំពៅ​ ដែល​កំពុង​ទទួលផល​ពី​ការលក់ដូរ​ចំណីអាហារ​ ភេសជ្ជៈ​ វត្ថុ​អនុស្សាវរីយ៍​ និង​ការ​ដឹក​ភ្ញៀវ​ឡើង​មើល​ល្អាង​លើ​ខ្នងភ្នំ​សំពៅ​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ នៅដើម​ឆ្នាំនេះ​ មាន​ភ្ញៀវ​ទេសចរណ៍​មកលេង​កម្សាន្ត​នៅ​ភ្នំសំពៅ​ច្រើន​ ពិសេស​ពេលល្ងាច​ គឺ​មាន​ភ្ញៀវ​បរទេស​មក​អង្គុយ​ចាំ​មើល​សត្វ​ប្រចៀវ​។ ការ​មក​ទស្សនា​សត្វ​ប្រចៀវ​នេះ​ មាន​កំណើន​ កាន់តែ​ច្រើនឡើង​ជាលំដាប់​។

ប្រជាពលរដ្ឋ​បាន​បន្ត​ថា​ កំណើន​នៃ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ ស្រប​ពេល​ដែល​អាជ្ញាធរ​ខេត្ត​បាន​សង់​ផ្លូវ​នៅ​ជើងភ្នំ​សំពៅ​កាន់តែ​ល្អ​ និង​ស្រួល​ជាង​មុន​ ហើយ​គ្រោង​នឹង​ដាក់ភ្លើង​បំភ្លឺ​ផ្លូវ​នេះ​ផង​ដែរ​។

តាម​ភ្ញៀវ​បរទេស​មក​ចាំ​មើល​សត្វ​ប្រចៀវ​នៅ​ភ្នំសំពៅ​ បាន​លើកឡើង​ថា​ វា​ពិតជា​ប្លែក​ណាស់​សម្រាប់​ពួកគេ​ ដោយ​ពីមុន​មក​មិនដែល​ឃើញ​ហ្វូង​សត្វ​ប្រចៀវ​ច្រើន​ដូចនេះ​ទេ​ ដោយ​នៅ​ប្រទេស​របស់​ពួកគេ​ធ្លាប់​ឃើញ​ត្រឹមតែ​ប្រមាណ​ ១០ក្បាល​អី​តែប៉ុណ្ណោះ​។

ភ្នំសំពៅ​ ស្ថិត​ក្នុង​ឃុំ​ភ្នំសំពៅ​ ស្រុក​បាណន់​ និង​មាន​រយៈ​ចម្ងាយ​ប្រមាណ​ជាង១២គីឡូម៉ែត្រ​ ពី​ក្រុង​បាត់ដំបង​។ ភ្នំ​នេះ​មាន​កំពស់​ប្រមាណ១០០ម៉ែត្រ​ មាន​កាំជណ្តើរ​ឡើង​ចំនួន១០៣០កាំ​។

នៅ​លើកំពូល​ភ្នំ​ដ៏​ល្បី​នេះ​ មាន​វត្ត​មួយ​ឈ្មោះថា​ វត្ត​គិរីរម្យ​ និង​មាន​ល្អាង​ រូងភ្នំ​ជាច្រើន​ សរុប​ទាំងអស់​ចំនួន១២​ ដែល​បច្ចុប្បន្ន​ បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ធំ​មួយ​ ក្នុង​ខេត្តបាត់ដំបង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here