(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Vladimir Palancica អគ្គនាយកក្រុមហ៊ុន Lotus Group និងជាប្រធានសាខា BRICS House រួមទាំងដៃគូវិនិយោគក្នុងស្រុក គឺក្រុមហ៊ុន JFT Jet តំណាងដោយលោកស្រី ខែក ខេមរ៉ាត់ ជាអគ្គនាយិកា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម រាយការណ៍ពីសកម្មភាពអាជីវកម្ម ទិសដៅ និងយុទ្ធសាស្រ្តក្នុងការទាក់ទាញទេសចរ និងអ្នកវិនិយោគរុស្ស៊ីព្រមទាំងពីសហគមន៍និយាយភាសារុស្សីមកកាន់ប្រទេសកម្ពុជា នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់នេះ អ្នកវិនិយោគិនរុស្សី និងកម្ពុជាទាំងពីររូប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោករដ្ឋមន្រ្តីដែលបានអនុញ្ញាតដល់ក្រុមហ៊ុនបានចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីសកម្មភាពរបស់ក្រុមហ៊ុនកន្លងមកលើការផ្តល់សេវាយន្តហោះឯកជន (Private Jet) ដល់អតិថិជនចម្រុះជាតិសាសន៍ពិសេស គឺអតិថិជនពីប្រទេសរុស្សី និងសហគមន៍និយាយភាសារុស្សីដែលមានចំនួនកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំដែលស្រលាញ់ប្រទេសកម្ពុជា ដែលមានសក្តានុពលខ្លាំងក្នុងការទាក់ទាញទេសចររុស្ស៊ី ដោយសារមានធនធានទេសចរណ៍សម្បូរបែប រួមមានប្រាសាទបុរាណដ៏អស្ចារ្យ តំបន់ឆ្នេរសមុទ្រស្រស់ស្អាត បរិយាកាសសុខសាន្ត និងប្រជាជនដែលមានភាពរួសរាយរាក់ទាក់ ដែលមិនចាញ់ប្រទេសដទៃក្នុងតំបន់អាស៊ីអាគ្នេយ៍ឡើយ។
ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ក្រុមហ៊ុនទំាងពីរបានរៀបចំជាយុទ្ធសាស្រ្តថ្មីៗ បន្ថែមទៀត ជាពិសេសលើលទ្ធភាបបង្កើតជើងហោះហើរត្រង់ពីរុស្សីមករាជធានីភ្នំពេញ ឬ គោលដៅទេសចរណ៍របស់កម្ពុជា និងស្នើសុំការផ្តល់អនុសាសន៍ និងការគាំទ្រពីឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះ។









