រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងទូតឥណ្ឌូនេស៊ីផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍មូស្លីមនៅកម្ពុជា

0

ដោយៈ ម៉ាលីនណា

    ខេត្តកណ្តាលៈ លោកបណ្ឌិត Santo Darmo Sumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា អញ្ជើញចូលរួមផ្សព្វផ្សាយអំពីគោលដៅទេស​ចរណ៍មូស្លីមនៅកម្ពុជា ជាគោលដៅប្រកបដោយភាពកក់ក្ដៅ សុវត្ថិភាព និងទំនុកចិត្ត តាមរយៈការសហការថតវីដេអូឃ្លីបជាមួយលោក ហួត ហាក់រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

លោករដ្ឋមន្រ្តី បានអញ្ជើញចូលរួមថតវីដេអូ បង្ហាញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងលក្ខណៈពិសេសនៃសុខដុមរមនីរវាងសាសនាព្រះពុទ្ធ និងសាសនាមូស្លីម ដែលមានជាតឹកតាងនៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧត្តុង្គ)។ តាមរយៈរមណីយដ្ឋាននេះ មានប្រវត្តិដ៏យូរលង់មកហើយ ទាក់ទងទៅនឹងប្រពៃណី ទំនៀមទំលាប់របស់ប្រជាពលរដ្ឋកម្ពុជាកាន់សាសនាឥស្លាម។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចូលរួមសហការថតវីដេអូផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា រួមគ្នាជាមួយឯកឧត្តមបណ្ឌិតឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌូណេស៊ីប្រចាំកម្ពុជានេះ គឺជាឱកាសដ៏កម្រ និងមានតម្លៃសម្រាប់វិស័យទេសចរណ៍កម្ពុជា ដែលសបញ្ជាក់ឱ្យឃើញ ពីកាលានុវត្តភាពកាន់តែប្រសើរឡើង សម្រា​ប់កម្ពុជា ក្នុងការច្បាមយកឱកាស និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកសក្ដានុពលវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទូលំទូលាយ ការត្រៀមខ្លួនជាស្រេច ដើម្បីចាប់យកទីផ្សារទេសចរណ៍មូស្លីមដែលជាទីផ្សារ ប្រកបដោយសក្តានុពលមួយ  មកបំពេញបន្ថែមទីផ្សារអន្តរជាតិ ដែលមានស្រាប់សំដៅជំរុញ ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។

រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧត្តុង្គ) ជារមណីយដ្ឋានកែច្នៃបែបធម្មជាតិគួរឱ្យចាប់អារម្មណ៍ និងជាទីលំហែកាយដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរជិតឆ្ងាយ ដែលមើលទៅទាំងទេសភាព ទាំងបរិយាកាស មានសភាពរស់រវើក និងជាភ្នំប្រវត្តិសាស្ត្រមួយនៅក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញ្ញាឮ ខេត្តកណ្តាល ដែលមានចម្ងាយ៤០ គ.ម ពីរាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here