ដំណឹងល្អៈ ទុនបម្រុងជាតិរបស់កម្ពុជាបានកើនឡើងដល់ជាង ២៧ពាន់លានដុល្លារ

0

ដោយៈ ចំណាន

    ភ្នំពេញៈ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា បានកើនឡើងដល់ជាង ២៧ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ដោយគ្របដណ្តប់ប្រហែល៨ខែនៃការនាំចូលទំនិញ និងសេវាកម្មក្នុងរយៈពេលបន្ទាប់ ដែលជាកម្រិតមួយ ត្រូវបានគេចាត់ទុកថាគ្រប់គ្រាន់។

នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃសុក្រ។

ធនាគារជាតិបានអោយដឹងថា កម្រិតខ្ពស់នៃទុនបម្រុងដែលបន្តឆ្លុះបញ្ចាំងពីសមត្ថភាព ទូទាត់បំណុលខាងក្រៅដ៏រឹងមាំរបស់កម្ពុជា ស្ថិរភាពអត្រាប្តូរប្រាក់ និងភាពធន់នៃប្រព័ន្ធទូទាត់ជាតិ ខណៈដែលផ្តល់នូវទ្រនាប់ទុនគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការសន្ទនីយភាពក្នុងករណីមានវិបត្តិខាងក្រៅ។

យោងតាមរបាយការណ៍បានឲ្យដឹងថា ទុនបម្រុងអន្តរជាតិបានកើនឡើង២២,៣ភាគរយ ពី២២,៥ពាន់លានដុល្លារនៅឆ្នាំ ២០២៤ ដល់២៧,៥ ពាន់លានដុល្លារនៅឆ្នាំ២០២៥ ស្មើនឹងប្រហែលប្រាំបីខែនៃការនាំចូលទំនិញ និងសេវាកម្ម ដែលត្រូវបានចាត់ទុកថាមានកម្រិតខ្ពស់សម្រាប់សេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍។

ការកើនឡើងនេះ ភាគច្រើនបណ្តាលមកពីតម្លៃមាសពិភពលោកកើនឡើង ប្រាក់ចំណូលពីការវិនិយោគបរទេស ការប្រែប្រួលអត្រាប្តូរប្រាក់ និងការកើនឡើងនៃប្រាក់បញ្ញើពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុ រាជរដ្ឋាភិបាល និងទុនបម្រុងចាំបាច់។

ធនាគារជាតិនៃកម្ពុជាបានកត់សម្គាល់ថា ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ នៅតែបន្តធ្វើឡើងដោយប្រុងប្រយ័ត្ន ស្របតាមឧត្តមានុវត្តអន្តរជាតិ។ ក្របខ័ណ្ឌគ្រប់គ្រងទុនបម្រុងត្រូវបានរចនាឡើង ដើម្បីធានាសុវត្ថិភាព សន្ទនីយភាព និងប្រសិទ្ធភាព ជាមួយនឹងទិសដៅយុទ្ធសាស្ត្រ និងកម្រិតហានិភ័យដែលអាចទទួលយកបាន ដែលកំណត់ដោយក្រុមប្រឹក្សាភិបាល តាមរយៈការអនុម័តគោលនយោបាយវិនិយោគប្រចាំឆ្នាំ ឬតាមតម្រូវការ។

ការត្រួតពិនិត្យប្រតិបត្តិការ ត្រូវបានអនុវត្តតាមរយៈការត្រួតពិនិត្យប្រចាំខែ ដោយគណៈកម្មាធិការវិនិយោគទុនបម្រុង ដែលមានទេសាភិបាលធនាគារជាតិនៃកម្ពុជាជាប្រធាន។

គណៈកម្មាធិការពិនិត្យឡើងវិញ នូវការអនុវត្តវិនិយោគ វាយតម្លៃស្ថានភាពទីផ្សារ និងណែនាំការកែតម្រូវចាំបាច់ ដើម្បីធានាថាការគ្រប់គ្រងទុនបម្រុង នៅតែផ្តោតលើការអភិរក្សដើមទុន សន្ទនីយភាព និងផលចំណេញសមស្រប។

នៅឆ្នាំ២០២៥ ធនាគារជាតិបានពង្រឹងក្របខ័ណ្ឌ គ្រប់គ្រងទុនបម្រុងរបស់ខ្លួនបន្ថែមទៀត ដោយធ្វើបច្ចុប្បន្នភាពឧបករណ៍សំខាន់ៗមួយចំនួន រួមទាំងគោលការណ៍ណែនាំវិនិយោគ គោលការណ៍ណែនាំស្តីពីការជ្រើសរើស និងការគ្រប់គ្រងអ្នកគ្រប់គ្រងខាងក្រៅ និងអ្នកថែរក្សា និងបទប្បញ្ញត្តិផ្ទៃក្នុងស្តីពី ក្រមសីលធម៌វិជ្ជាជីវៈសម្រាប់បុគ្គលិកគ្រប់គ្រងទុនបម្រុង។

ការកែលម្អក៏ត្រូវបានធ្វើឡើង ចំពោះប្រព័ន្ធគ្រប់គ្រងទុនបម្រុង រួមជាមួយនឹងការធ្វើពិពិធកម្ម និងការបន្ថែមអ្នកការពារ សំដៅបំណងបង្កើនសុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការ។

ក្នុងពេលជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបានបន្តពង្រីកការវិនិយោគលើមូលបត្របៃតង និងមូលបត្រទាកទងនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលចេញដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗនៅក្នុងប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងអឺរ៉ុប។

វិធានការនេះ ស្របទៅនឹងយុទ្ធសាស្ត្រគ្រប់គ្រងទុនបម្រុង របស់កម្ពុជា ជាមួយនឹងនិន្នាការវិនិយោគសកល ខណៈដែលគាំទ្រដល់ការអនុវត្តវិនិយោគប្រកបដោយចីរភាព មានទំនួលខុសត្រូវ និងមានហានិភ័យទាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here