ដោយៈ គង់ សូរិយា
ភ្នំពេញៈ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា កម្ពុជាមានគ្រឹះស្ថានហិរញ្ញវត្ថុជាតិ និងអន្តរជាតិចំនួន២៤៤ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា។
គ្រឹះស្ថានទាំងនោះរួមមាន ធនាគារពាណិជ្ជចំនួន៥៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៨៩ គ្រឹះស្ថានឥណទានជនបទចំនួន៨៩ និងធនាគារឯកទេសចំនួន៧។ ជារួមរបាយការណ៍បានសន្និដ្ឋានថា ប្រព័ន្ធនេះឥឡូវនេះផ្តល់សេវាកម្មដល់គណនីប្រាក់បញ្ញើចំនួន៣០,៦លាន និងគណនីឥណទានចំនួន៤,៥លាន។
-->
យោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលចេញផ្សាយកាលពីសប្តាហ៍មុនបានឱ្យដឹងថា វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា បានកត់ត្រាកំណើនប្រាក់កម្ចីតិចតួចក្នុងឆ្នាំ ២០២៥ ទោះបីជាមានឧបសគ្គសេដ្ឋកិច្ចក្នុងស្រុក និងសកលក៏ដោយ។

ប្រាក់កម្ចីមិនទាន់បានទូទាត់បានកើនឡើង៤,១% ធៀបនឹងរយៈពេលមួយឆ្នាំ ដល់៦៣ពាន់លានដុល្លារនៅចុងឆ្នាំ២០២៥ ខណៈដែលប្រាក់បញ្ញើរបស់អតិថិជន បានកើនឡើងយ៉ាងខ្លាំងចំនួន១៤,៧ភាគរយ ស្មើនឹង៦៥,៧ពាន់លានដុល្លារ។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះក៏បានចង្អុលបង្ហាញពីការកើនឡើងនៃហានិភ័យឥណទានផងដែរ ដោយកត់សម្គាល់ថា អនុបាតឥណទានមិនដំណើរការ (NPL) នៅទូទាំងប្រព័ន្ធធនាគារបានកើនដល់៨,៩% នៅចុងឆ្នាំ២០២៥ កើនឡើងពី៧,៤% កាលពីឆ្នាំមុន។
ទ្រព្យសកម្មសរុបនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ នៅកម្ពុជាបានកើនឡើងដល់៩៨,៧ពាន់លានដុល្លារ ដែលបង្ហាញពីការកើនឡើង៩,៧% ធៀបនឹងរយៈពេលមួយឆ្នាំ។

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានកត់សម្គាល់ថា វិស័យធនាគារនៅតែជាសសរស្តម្ភ ដ៏សំខាន់នៃសេដ្ឋកិច្ច ចំពេលមានបរិយាកាសដ៏លំបាកមួយ។
លោកស្រីបញ្ជាក់ថា កំណើនឥណទាន៤,១% ក្នុងឆ្នាំ២០២៥ បានលើសពីលទ្ធផលនៃឆ្នាំ២០២៤។ ការផ្តល់ប្រាក់កម្ចីកាលពីឆ្នាំមុន ត្រូវបានគាំទ្រជាចម្បង ដោយតម្រូវការដើមទុនកើនឡើង ពីសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលកំពុងស្វែងរកការពង្រីកប្រតិបត្តិការរបស់ពួកគេ៕
