ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកហួត ហាក់ បានគាំទ្រលើការរៀបចំព្រឹត្តិការណ៍ជាលក្ខណៈអន្តរជាតិ “ពានរង្វាន់ច្នៃប្រឌិត នវានុវត្តន៍អន្តរជាតិICIA (International Creativity and Innovation Award)» របស់ក្រុមហ៊ុន KRYA Global (ឥណ្ឌូណេស៊ី)នៅកម្ពុជា។
ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Antonius Malem Barus សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន KRYA Global (ឥណ្ឌូណេស៊ី) ដឹកនាំដៃគូវិនិយោគពីសឹង្ហបូរី និងកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម រាយការណ៍ពីសកម្មភាពអាជីវកម្ម ទិសដៅ និងគម្រោងរៀបចំកម្មវិធីទេសចរណ៍អប់រំ នៅទីស្តីការក្រសួង។
-->
ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ ក្នុងការបើកចំហទីផ្សារបន្ថែមទៀត លោកនាយកប្រតិបត្តិ និងដៃគូសហការអន្តរជាតិ បាន ជម្រាបអំពីសកម្មភាពក្រុមហ៊ុនកន្លងមក នៅបណ្តាប្រទេសអាស៊ានប្រកបដោយលទ្ធផលគួរជាទីមោទនៈ ដោយមានអ្នកចូលរួមជិត១ពាន់នាក់ក្នុងមួយលើកៗ។

ដោយមើលឃើញពីការរីកចម្រើន លើគ្រប់វិស័យរបស់កម្ពុជា កត្តាសុខសន្តិភាព សុវត្ថិភាព ពិសេសក្នុងវិស័យបដិសណ្ឋារកិច្ច និងទីកន្លែងរៀបចំកម្មវិធីធំៗ និងប្រណីតភាព លោកនាយក និងដៃគូសហការចម្រុះជាតិសាសន៍ បានសម្រេចចិត្តរៀបចំព្រឹត្តការណ៍បែបទេសចរណ៍អប់រំ លំដាប់អន្តរជាតិនេះឡើងនៅកម្ពុជា ដោយរំពឹងថាអ្នកចូលរួមពីបណ្តាប្រទេសនៅតំបន់អាស៊ាន និងប្រទេសដទៃទៀតដែលលើសពី៧០០នាក់។ ក្នុងឱកាសនោះ លោកនាយក ក៏បានគោរពអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីចូលរួមជាគណៈអធិបតី ក្នុងព្រឹត្តការណ៍បែបទេសចរណ៍អន្តរជាតិដ៏ធំ ដែលគ្រោងរៀបចំនៅកម្ពុជា នាពេលខែមេសាខាងមុខផងដែរ។
ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកដ៏សកម្ម និងនាំមកនូវលទ្ធផលគួរជាទីមោទនៈរបស់ក្រុមហ៊ុន ដល់វិស័យទេសចរណ៍កម្ពុជាកន្លងមក និងគំនិតផ្តួចផ្តើមដ៏ល្អ និងមានតម្លៃបន្ថែមទៀតនាពេលនេះ។
ក្នុងនាមក្រសួងទេសចរណ៍ និងមហាគ្រួសារវិស័យទេសចរណ៍ ឯកឧត្តមរដ្ឋមន្រ្តី គាំទ្រ និងផ្តល់នូវអនុសាសន៍តម្រង់ទិសបន្ថែមលើគំនិតផ្តួចផ្តើមនេះ និងសម្រាប់ការអនុវត្តជាក់ស្តែង ដើម្បីឱ្យគម្រោងរៀបចំព្រឹត្តការណ៍ទេសចរណ៍អប់រំដ៏ធំនេះ សម្រេចបានជោគជ័យដែលពិតជាបង្កើនលំហូរភ្ញៀវឥណ្ឌូណេស៊ី និងពីបណ្តាប្រទេសអាស៊ានកាន់តែច្រើនមកកាន់កម្ពុជា៕
