អារ៉ាប៊ីសាអូឌីត​​ផ្អាក​គម្រោង​សាងសង់​អគាររាង​គូប​ខ្នាតយក្សមួយ​ស្ថិតនៅ​ចំ​កណ្តាល​ទីក្រុង​រីយ៉ាដ

0

ដោយ: សហសេវិក
អន្តរជាតិ: ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ផ្អាក​គម្រោង​សាងសង់​អគាររាង​គូប​មួយ​នៅ​ចំ​កណ្តាល​ទីក្រុង​រីយ៉ាដ ខណៈ​ប្រទេសនេះកំពុង​វាយតម្លៃ​ឡើងវិញ​អំពី​ហិរញ្ញប្បទាន និង​លទ្ធភាព​នៃ​គម្រោង​នេះ។នេះ​បើ​តាម​ការ​លើកឡើង​របស់​ប្រភពចំនួន៤ ដែល​ដឹង​ពី​បញ្ហា​នេះ។

គម្រោងសាងសង់អគារ Mukaab ជាគម្រោងខ្នាតយក្ស ស្ថិតក្រោមចក្ខុវិស័យឆ្នាំ២០៣០ របស់ប្រទេសអារ៉ាប៊ីសាអូឌីត។ គម្រោងនេះត្រូវបានពន្យារពេល ខណៈរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតព្យាយាមគ្រប់គ្រងថ្លៃដើម និងផ្តល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀត។

ប្រទេសនេះកំពុងងាកចេញពីការវិនិយោគក្នុងទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់លើគម្រោងធំៗ ដូចជា គម្រោង The Line ក្នុងទីក្រុង NEOM ដោយងាកទៅផ្តោតលើគំនិតផ្តួចផ្តើម ដែលមានភាពបន្ទាន់ និងអាចទទួលបានផលចំណេញ។

រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានងាកទៅផ្តោតលើគម្រោង​​ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ត្រៀមរៀបចំពិព័រណ៍​ពិភពលោក​ឆ្នាំ២០៣០ និង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ២០៣៤ តំបន់​វប្បធម៌​ចម្រុះ Diriyah ដែល​មាន​ទំហំ​ទឹកប្រាក់៦០ពាន់​លាន​ដុល្លារ និង​គម្រោង​ទេសចរណ៍ Qiddiya។

ចំណាត់ការនេះក៏ឆ្លុះបញ្ចាំងពីកំណើននៃសម្ពាធផ្នែកសារពើពន្ធផងដែរ ដោយសារតម្លៃប្រេងឆៅមានកម្រិតទាបជាងមុន ដែលធ្វើឱ្យមូលនិធិវិនិយោគ PIF របស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មិនអាចវិនិយោគច្រើនសន្ធឹកសន្ធាប់លើគម្រោងទីក្រុង និងអគារកប់ពពក៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here