កម្ពុជា អង់គ្លេសរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា

0

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជា និងស្ថានទូតចក្រភពអង់គ្លេសបានរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងចក្រភពអង់គ្លេស (Joint Trade and Investment Forum – JTIF) លើកទី៣ នៅរាជធានីភ្នំពេញ។

វេទិកានេះ មានការអញ្ជើញចូលរួមពីលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងចក្រភពអង់គ្លេស (Joint Trade and Investment Forum – JTIF) លើកទី៣ ក្រោមមូលបទ “ទស្សនវិស័យកម្ពុជា-ចក្រភពអង់គ្លេស៖ ភាពជាដៃគូឆ្ពោះទៅមុខ ក្នុងបរិបទនៃការផ្លាស់ប្តូរសកល” ដែលមានវត្តមានចូលរួមពីតំណាងក្រសួង ស្ថាប័ន សភាពាណិជ្ជកម្ម សមាគមន៍ និងក្រុមហ៊ុនឯកជននៃប្រទេសទាំងពីរជាច្រើនរូប។

ក្នុងវេទិកានេះ ក៏មានការរៀបចំជាកិច្ចពិភាក្សាចំនួន២ រួមមាន៖  ១. កិច្ចពិភាក្សា ស្តីពីភាពជោគជ័យនៃពាណិជ្ជកម្ម៖ បរិវត្តកម្មកាលានុវត្តភាព​ទៅជាសមិទ្ធិផលពាណិជ្ជកម្ម ដែលផ្តោតសំខាន់លើការដោះស្រាយបញ្ហាហិរញ្ញវត្ថុ ការកាត់បន្ថយហានិភ័យអាជីវកម្ម និងការពង្រីងធុរកិច្ចនៅក្នុងវិស័យសក្តានុពល ដែលអ្នកចូលរួមនឹងទទួលបានការយល់ដឹងអំពីតម្រូវការទីផ្សារ និងសារៈសំខាន់នៃភាពជាដៃគូ ដែលជួយជំរុញឲ្យទទួលបានសមិទ្ធិផលពាណិជ្ជកម្ម វិនិយោគជាក់ស្តែង។

ទី២.កិច្ចពិភាក្សាស្ដីពី ចលករជំរុញពាណិជ្ជកម្ម៖ ការជំនះឧប​សគ្គ និងកត្តាជំរុញ ដែលផ្តោតសំខាន់លើយុទ្ធសាស្ត្រពង្រឹងស្តង់ដារអនុលោមភាព ហិរញ្ញវត្ថុ ពាណិជ្ជកម្ម គយ និងភស្តុភារកម្ម ដែលគាំទ្រដោយបរិយាកាសធុរកិច្ចអំណោយផល។

ក្នុងវេទិកានេះ មានការរៀបចំស្តង់ពិព័រណ៍ តាំងបង្ហាញផលិតផ​ល និងសេវាកម្មផ្សេងៗរបស់ក្រុមហ៊ុនឯកជនកម្ពុជា និងចក្រភពអង់គ្លេស និងមានការរៀបចំកិច្ចពិភាក្សា រវាងតំណាងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជននៃប្រទេសទាំងពីរ ដើម្បីតាមដានវឌ្ឍនភាពការងារក្រោមក្របខណ្ឌវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា (JTIF) និងកំណត់ទិសដៅការងារបន្ត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការពង្រឹងភាពជាដៃគូររវាងវិស័យឯកជននៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here