ដោយៈ និស្ស័យ
ភ្នំពេញៈ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅកោះសេប៊ូ ប្រទេសហ្វីលីពីន បានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ ក្រោមចក្ខុវិស័យអាស៊ានរួមគ្នា តម្រង់ទិសអនាគតទេសចរណ៍។
កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩ សម្តែងនូវសេចក្តីពេញចិត្តចំពោះការងើបឡើងវិញ នៃវិស័យទេសចរណ៍នៅអាស៊ាន ជាមួយនឹងលទ្ធផលសំខាន់ៗមួយចំនួន មានជាអាទិ៍៖ ការដាក់ឱ្យដំណើរការផែនការទេសចរណ៍អាស៊ាន ២០២៦-២០៣០ និងផែនការយុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ាន២០២៦-២០៣០ ការលើកកម្ពស់គុណភាពក្នុងវិស័យទេសចរណ៍ ការជំរុញទេសចរណ៍ឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍សម្រាប់សហគមន៍ ស្រ្តី និងយុវជន។
-->

ជាមួយគ្នានេះអង្គប្រជុំ ក៏បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការអនុតំបន់ របស់ក្រុមការងារមន្រ្តីទេសចរណ៍ជាតិកម្ពុជា ឡាវ និងវៀតណាម និងការឯកភាពលើការតម្លើងកម្រិត នៃកិច្ចសហប្រតិបត្តិការនេះដល់កម្រិតរដ្ឋមន្រ្តី តាមរយៈការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម លើកទី១ នៅក្នុងឆ្នាំ២០២៦ ក្រោមចក្ខុវិស័យ “ប្រទេសបី គោលដៅតែមួយ”។
កិច្ចប្រជុំក៏បានកត់សម្គាល់ផងដែរ អំពីពិធីបុណ្យម្ហូបអាហារកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម និងសិក្ខាសាលាស្តីពីទេសចរណ៍ផ្លូវគោក និងការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដែលបានរៀបចំឡើងនៅឆ្នាំ២០២៥ ក្នុងប្រទេសកម្ពុជា ហើយបានលើកទឹកចិត្តឱ្យបន្តការរៀបចំព្រឹត្តិការណ៍ទាំងនេះជាបន្តបន្ទាប់ ដើម្បីជំរុញលំហូរទេសចរណ៍ទាំងក្នុងតំបន់ និងអន្តរតំបន់ និងធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍តែមួយ។
បន្ថែមលើនេះ នាឱកាសនៃវេទិកាទេសចរណ៍អាស៊ាន ក៏មានការប្រគល់ពានរង្វាន់ ស្តង់ដាទេសចរណ៍អាស៊ាន២០២៦ ចំនួន៩ប្រភេទ សរុប ២១១ រង្វាន់ ក្នុងនោះកម្ពុជាទទួលបានចំនួន២៧ រង្វាន់ផងដែរ។
កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី៣០ នឹងប្រព្រឹត្តទៅប្រទេសសិង្ហបុរី ក្នុងអំឡុងខែមករា ឆ្នាំ២០២៧៕
