ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនលោករស់ វណ្ណា បានអញ្ជើញដឹកនាំប្រតិភូក្រសួង និងសមាជិក សមាជិកាគម្រោង ចូលរួមកិច្ចប្រជុំ(Kick-off Meeting) ដើម្បីពិនិត្យ និងពិភាក្សាការងារ ក្នុងដំណើរបេសកកម្មបច្ចេកទេសគាំទ្រ គម្រោងរបស់ក្រុមការងារធនាគារពិភពលោក ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក នៅកម្ពុជា។
កិច្ចប្រជុំនេះ ដឹកនាំដោយលោកស្រី Katelijn Van Den Berg អ្នកឯកទេសជាន់ខ្ពស់ ផ្នែកបរិស្ថាន និងជាប្រធានក្រុមការងារ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីមកពីក្រសួង និងស្ថាប័នពាក់ព័ន្ឋ។
-->
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សា អំពីការចាប់ផ្តើមនៃការរចនាប្លង់លម្អិត សម្រាប់ទីលានទុកដាក់សំរាម និងកន្លែងប្រព្រឹត្តកម្មកាកសំណល់រឹង នៅខេត្តសៀមរាប ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដើម្បីជាមូលដ្ឋាន ក្នុងការចុះទៅពិនិត្យនៅតាមខេត្ត/ក្រុង និងទីតាំងគម្រោងដែលបានជ្រើសរើស និងពិនិត្យលើវឌ្ឍនភាពលើការកំណត់ជម្រើសសម្រាប់ផ្ទៃដីបន្ថែម ដែលត្រូវការសម្រាប់ទីលានទុកដាក់សំរាម នៅខេត្តកណ្តាល និងវឌ្ឍនភាពទូទៅ សកម្មភាពផ្សេងៗ ដើម្បីពន្លឿនការអនុវត្តគម្រោងឱ្យកាន់តែប្រសើរឡើងថែមទៀត។
បន្ទាប់ពីកិច្ចប្រជុំនៅក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានបញ្ចប់ ប្រតិភូក្រុមការងារទាំងអស់ ក៏បានបន្តដំណើរទៅពិនិត្យទីតាំងចាក់សំរាម ចំនួន២ទីតាំង និងទីតាំងថ្មី ដែលត្រៀមសាងសង់ទីលានទុកដាក់សំរាម និងបានបន្តកិច្ចប្រជុំពិភាក្សាការងារបន្ថែមនៅទីនោះ៕
