ដោយៈ ចំណាន
អាមេរិកៈ ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing និងក្រមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានប្រកាសរួមគ្នាពីការបញ្ជាទិញយន្តហោះប្រភេទ Boeing 737 MAX ថ្មីចំនួន២០គ្រឿង ក្នុងកិច្ចព្រមព្រៀងមួយ ដែលត្រូវបានបង្ហាញជាផ្លូវការក្នុងអំឡុងព្រឹត្តិការណ៍ ពិព័រណ៍អាកាសចរណ៍នៅក្នុងប្រទេសសិង្ហបុរី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Boeing បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ(កម្ពុជា) Air Cambodia បានបញ្ជាទិញយន្តហោះប្រភេទ Boeing 737-8 (MAX 8) ចំនួន១០ គ្រឿងដំបូង ជាមួយឱកាសទិញបន្ថែម១០គ្រឿងទៀត នៅពេលអនាគត។ នេះជាកិច្ចព្រមព្រៀងធំបំផុតរបស់ Air Cambodia ក្នុងការទិញយន្តហោះខ្នាត Single-Aisle និងជាលើកដំបូងពីក្រុមហ៊ុន Boeing។
-->
ជាមួយយន្តហោះ Boeing 737 MAX ក្រុមហ៊ុន Air Cambodia នឹងធ្វើការកែលម្អ និងពង្រីកការហោះហើររបស់ខ្លួន ខណៈការធ្វើដំណើរតាមផ្លូវអាកាស កំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងការតភ្ជាប់មនុស្ស និងទីកន្លែងនានាទូទាំងតំបន់ និងពិភពលោក។ ក្រុមហ៊ុន Air Cambodia នឹងប្រើប្រាស់សមត្ថភាព ប្រសិទ្ធភាព និងផ្តល់ឱ្យនូវផាសុកភាពសម្រាប់អ្នកដំណើរ តាមរយៈ Boeing 737 MAX ដើម្បីគាំទ្របណ្តាញផ្លូវហោះហើរ ដែលមានតម្រូវការខ្ពស់នៅទូទាំងអាស៊ី។
នាយកប្រតិបត្តិក្រុមហ៊ុន Air Cambodia លោក David Zhan បាននិយាយថា Boeing 737-8 ផ្តល់ឱ្យ Air Cambodia នូវការរួមបញ្ចូលដ៏ល្អឥតខ្ចោះ រវាងចម្ងាយហោះហើរ សមត្ថភាពដឹកជញ្ជូន និងប្រសិទ្ធភាព ក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ ដើម្បីគាំទ្រដល់ដំណាក់កាលបន្ទាប់នៃការរីកចម្រើនរបស់យើង។
លោកបញ្ជាក់ថា “ការវិនិយោគនេះ គឺជាការទិញយន្តហោះខ្នាតតូចដ៏ធំបំផុតរបស់Air Cambodia ដែលនឹងអនុញ្ញាតឱ្យយើងបើកសេវាហោះហើរដោយផ្ទាល់ ទៅកាន់ទីផ្សារសំខាន់ៗនៅអាស៊ីខាងជើង និងអាស៊ីអាគ្នេយ៍ ព្រមទាំងផ្តល់ឱ្យនូវការធ្វើដំណើរ ដែលមានតម្លៃប្រកួតប្រជែងសម្រាប់អ្នកដំណើរ ខណៈវាក៏បានបង្កើតការងារ និងការបណ្តុះបណ្តាលក្នុងស្រុក ដើម្បីពង្រឹងសហគមន៍របស់យើង។
Boeing 737-8 ឬហៅថា Boeing 737 MAX 8 អាចផ្ទុកអ្នកដំណើរសរុបបានដល់១៧៨នាក់ និងហោះបានចម្ងាយ៣៥០០ ម៉ាយ៍ ឬ៦៤៨០ គីឡូម៉ែត្រ។ Air Cambodia នឹងទទួលបានអត្ថប្រយោជន៍ពីសមត្ថភាពបត់បែន និងការចំណាយប្រតិបត្តិការទាបជាងមុន ដោយសារការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបញ្ចេញឧស្ម័នបានប្រមាណ ២០% បើប្រៀបធៀបនឹងយន្តហោះចាស់ៗ។
អនុប្រធានជាន់ខ្ពស់ផ្នែកលក់ និងទីផ្សាររបស់ Boeing លោក Brad McMullen បាននិយាយថា ក្រុមហ៊ុនBoeing មានមោទនភាពជាខ្លាំង ក្នុងការស្វាគមន៍អាកាសចរណ៍ជាតិ(កម្ពុជា) ជាអតិថិជនថ្មីបំផុតនៃត្រកូលយន្តហោះ 737 MAX របស់ខ្លួន ហើយនឹងការទន្ទឹងរង់ចាំការបង្ហាញខ្លួនរបស់ Boeing 737 MAX នៅប្រទេសកម្ពុជា។

លោកបានថ្លែងថា “យើងប្តេជ្ញាចិត្តគាំទ្រការរីកចម្រើន នៃវិស័យអាកាសចរណ៍នៅកម្ពុជា និងទូទាំងតំបន់ខណៈដែល Air Cambodia ពង្រឹងការតភ្ជាប់នៅទូទាំងអាស៊ី ជាមួយយន្តហោះដែលមានប្រសិទ្ធភាពប្រើប្រាស់ប្រេងឥន្ធនៈទាំងនេះ”។
បច្ចុប្បន្ន Air Cambodia ប្រតិបត្តិការយន្តហោះខ្នាតតូច និងយន្តហោះតំបន់ចំនួន៦គ្រឿង លើផ្លូវហោះហើរនៅក្នុងប្រទេស និងអន្តរជាតិទៅកាន់ប្រទេសវៀតណាម ឥណ្ឌា ថៃ ចិន ជប៉ុន និងហុងកុង។
ការបញ្ជាទិញយន្តហោះ Boeing 737 MAX គឺជាផ្នែកមួយនៃការសន្យារបស់ក្រុមការងារចរចា ផ្នែកពន្ធបដិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយតំណាងរដ្ឋាភិបាលអាមេរិក ដើម្បីកាត់បន្ថយអត្រាពន្ធបដិការ(reciprocal tariffs) សម្រាប់ទំនិញពីកម្ពុជាទៅអាមេរិក ដែលប្រកាសដំបូងចំនួន៤៩% មុនពេលបន្ទាបមកនៅ៣៦% និងចុងក្រោយ១៩%។
កាលពីថ្ងៃទី៨ ខែកញ្ញា ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Air Cambodia និងក្រុមហ៊ុនផលិតយន្តហោះប្រទេសចិន Commercial Aircraft Corporation of China, Ltd.,(COMAC) បានអនុស្សរណៈនៃការយោគយល់គ្នា (MoU) អំពីការគ្រោងនឹងទិញយន្តហោះផលិតដោយប្រទេសចិនផ្ទាល់ គឺC909 regional ចំនួន២០គ្រឿង ដោយក្នុងនោះចំនួន១០គ្រឿង បានបញ្ជាក់ការបញ្ជាទិញ និងចំនួន ១០ គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ។
យន្តហោះនេះ អាចផ្ទុកមនុស្សបានចន្លោះពី៧៨-៩៧នាក់ និងមានចម្ងាយហោះហើរអតិបរមាចន្លោះពី២២២៥-៣៧០០គីឡូម៉ែត្រ៕
