ដោយៈ ចំណាន
សៀមរាបៈ នៅពេលអ្នកបោះជំហានកាន់តែជិត សម្រស់នៃក្បាច់រចនារបស់ប្រសាទបន្ទាយស្រី “ពិតជាកាន់តែលេចត្រដែតឡើង ជាមួយនឹងសេចក្តីស្ញើចសរសើរ ពីអ្នកស្គាល់ពីអរិយធ៌មដ៏ផូរផង់នេះ។
អ្នកនិពន្ធខ្មែរអង្គរបានសរសេរ លើបណ្តាញទំនាក់ទំនងរបស់ខ្លួនថា យើងតែងតែលាន់មាត់ថា “បន្ទាយស្រីស្អាតណាស់!” ប៉ុន្តែមានរឿងមួយ ដែលបងប្អូនភាគច្រើន ប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ ឬមិនដឹង។
-->
ថ្ងៃនេះ ខ្ញុំសូមទម្លាយ “អាថ៌កំបាំងពិត”មួយ ដែលធ្វើឱ្យប្រាសាទនេះក្លាយជាគ្រាប់ពេជ្រនៃសិល្បៈខ្មែរ។
១. ទីតាំង និងអាយុកាល
ទេពអប្សរដ៏ស្រស់សោភានេះ ស្ថិតនៅប្រាសាទបន្ទាយស្រី (ខេត្តសៀមរាប) ដែលត្រូវបានកសាងឡើងតាំងពីឆ្នាំ៩៦៧ នៃគ.ស។ បើរាប់មកដល់ឆ្នាំ ២០២៦ នេះ គឺមានអាយុ១០៥៩ឆ្នាំហើយ។

២. អាថ៌កំបាំងដែលមិនសូវមានអ្នកដឹង
បងប្អូនប្រហែលជាគិតថា ប្រាសាទល្អឯកបែបនេះ ប្រាកដជាស្នាដៃរបស់ “ព្រះមហាក្សត្រ” ហើយមែនទេ? ការពិតគឺ៖ ប្រាសាទបន្ទាយស្រី មិនមែន កសាងដោយព្រះមហាក្សត្រផ្ទាល់ទេ។
អ្នកកសាងពិតប្រាកដគឺជា “ព្រះរាជគ្រូ” ម្នាក់ឈ្មោះថា ព្រាហ្ម
ណ៍យជ្ញវរាហៈ ។ លោកគឺជាព្រះរាជគ្រូ របស់ព្រះបាទជ័យវរ្ម័នទី៥និងជាអ្នកប្រាជ្ញ ដែលមានចំណេះដឹងជ្រៅជ្រះបំផុតក្នុងសម័យនោះ។
ចំណុចនេះសំខាន់ណាស់ ដោយសារតែអ្នកកសាងគឺជា “អ្នកប្រាជ្ញ” និងជា”គ្រូ” ទើបប្រាសាទនេះ មានលក្ខណៈពិសេសខុសគេ។
តូចតែខ្លឹម លោកមិនសាងប្រាសាទធំៗ ដើម្បីអួតអំណាចទេ តែលោកសាងប្រាសាទតូច ដើម្បីបង្ហាញពី”ភាពល្អិតល្អន់ និងវិន័យ”។
ឆ្លាក់លើថ្មភក់ពណ៌ផ្កាឈូក ជាថ្មដែលរឹងខ្លាំង និងពិបាកឆ្លាក់បំផុត តែក្រុមជាងរបស់លោកអាចឆ្លាក់បានយ៉ាងរស់រវើក ដូចជាឆ្លាក់លើក្រមួន។
៣. សោភ័ណភាពនៃទេពអប្សរ
សូមពិនិត្យមើលរូបនេះឱ្យច្បាស់… មើលសក់ដែលក្រងជាក្បាច់ និងគ្រឿងអលង្ការនៅកចុះ! នេះមិនមែនជារូបដែលឆ្លាក់លេងៗទេ តែជាការបង្ហាញពី “ម៉ូដ” របស់នារីខ្មែរជាន់ខ្ពស់ក្នុងសម័យនោះ។
ស្នាមញញឹមនេះហើយ ដែលបរទេសដាក់រហស្សនាមថា “ម៉ូណាលីហ្សា នៃអាស៊ីអាគ្នេយ៍”។
“ឃើញស្នាដៃដូនតាល្អិតល្អន់ម្ល៉េះ… ទើបដឹងថាខ្មែរយើងសម័យនោះ មិនមែនខ្លាំងតែសាច់ដុំទេ តែខ្លាំងទាំងខួរក្បាល និងសិល្បៈ!”។
តើបងប្អូនមានមោទកភាពទេ ដែលបានកើតមកលើទឹកដីនៃអច្ឆរិយបុគ្គលបែបនេះ៕
