ដោយៈ ម៉ាលីនណា
ភ្នំពេញៈ យោងរបាយការណ៍បូកសរុបលទ្ធផល ការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ចំនួន៤៧ មានទុនវិនិយោគសរុប៧០៨ លានដុល្លារ និងអាចបង្កើតការងារបាន៥១៨៦កន្លែង។
គម្រោងទាំងនោះ មានទីតាំងស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តភូមិភាគឦសាន ព្រះសីហនុ និងខេត្តស្វាយរៀង។
-->
ក្រសួងលើកឡើងថា ឆ្នាំ២០២៥ បើទោះបីត្រូវបានជួប និងឆ្លងកាត់បញ្ហាប្រឈមក៏ដោយ ប៉ុន្តែវិស័យទេសចរណ៍កម្ពុជានៅតែមានភាពធន់ និងបន្តការរីកចម្រើន។ សមិទ្ធផលដ៏ធំធេងនេះ កើតចេញពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាល រួមជាមួយការចូលរួមយ៉ាងសកម្ម ពីដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន សហគមន៍ប្រជាពលរដ្ឋ។
ក្រសួងបញ្ជាក់ថា “ការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនវានុវត្តន៍ ភាពធន់ ចីរភាព បរិយាបន្ន និងការទទួលខុសត្រូវ ពិតជាកត្តាសំខាន់ណាស់ សម្រាប់ការរួមចំណែកជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាំមកនូវប្រាក់ចំណូល បង្កើតនិងបង្កើនឱកាសមុខរបរនិងការងារ ថែរក្សា អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ និងធនធានធម្មជាតិ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងប្រែក្លាយកម្ពុជា “ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ” ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក ប្រកបដោយភាពរីករាយ សុខសុវត្ថិភាព ផាសុកភាព និងជា“ទឹកដីដ៏ពិសិដ្ឋ សម្រាប់ការទស្សនា ការវិនិយោគ និងការរស់នៅ”។

អ្នកជំនាញយល់ថា ការបោះទុនវិនិយោគរបស់អ្នកវិនិយោគ ក្នុងវិស័យទេសចរណ៍នៅកម្ពុជា គឺដោយសារកម្ពុជាមានស្ថិរភាពនយោបាយល្អប្រសើរ មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ខ្វាត់ខ្វែង និងមានឱកាសដែលពួកគេ អាចទទួលបានប្រាក់ចំណេញពីការបណ្តាក់ទុន។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយនៃខឿនសេដ្ឋកិច្ចជាតិ ហើយធ្លាប់ត្រូវបានអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រសិទ្ធនាមថា “មាសបៃតង”។
ទិន្នន័យផ្លូវការក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប៥,៥៧លាននាក់ ថយចុះ ១៦,៩% បើធៀបនឹងឆ្នាំ២០២៤។ ភ្ញៀវសំខាន់ៗមានដូចជា វៀតណាមចំនួន ១,២២ លាននាក់ ថយចុះ ៨,៨%, ចិន ១,២ លាននាក់ កើន ៤១,៥%, ថៃ ១,០២ លានាក់ ថយចុះ ៥២,៤%, អាមេរិក ២០៦ ៧៩១ នាក់ ថយចុះ ៣,៦% និងកូរ៉េខាងត្បូង ១៥២ ៥៩៨ នាក់ ថយចុះ ២០,៦%។
ក្រសួងឱ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវអន្តរជាតិទាំង៥,៥៧ លាននាក់ គឺមកតាមផ្លូវអាកាស២,៨៦លាននាក់ កើន១៩,២% ផ្លូវគោក ២,៦២ លាននាក់ ថយចុះ ៣៧,៨% និងផ្លូវទឹក ៨៩ ៧៣១នាក់ កើនឡើង៦,៣ភាគរយ៕
