ប្រធានសភាពាណិជ្ជកម្មជម្រុញជើងហោះហើរត្រង់ពីអារ៉ាប៊ី អាសាអូឌីតមកកាន់កម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាគិត ម៉េងបានជម្រុញសមភាគីអារាប៊ីសាអូឌីត ផ្តោតលើការតភ្ជាប់ជើងហោះហើរត្រង់់មកកាន់កម្ពុជា ដើម្បីលើកកំពស់ពាណិជ្ជកម្ម​ ការវិនិយោគ និងទេសចរណ៍។

ព័ត៌មាននេះ ត្រូវបានលើកឡើង នៅពេលអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកWaleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្ម របស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលបានដឹកនាំគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា។

ជំនួបពិភាក្សាការងារនេះក៏មានការ អញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ ពី លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថា្នក់ដឹកនាំជាន់ខ្ពស់នៃក្រសួងទេសចរណ៍។

អ្នកឧកញ៉ា បានបង្ហាញនូវសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្នគឺជាកាលានុវត្តដ៏សមស្រប សម្រាប់ជម្រុញកិច្ចសហប្រត្តិបការធុរកិច្ច នៃប្រទេសទាំងពីរ។ ក្នុងន័យនេះ អ្នកឧកញ៉ា ជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ដើម្បីជម្រុញពាណិជ្ជកម្ម ការវិនិយោគទ្វេភាគី និងពង្រឹងភាពជាដៃគូយូរអង្វែង ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ជាការឆ្លើយតប លោកWaleed Nasser Alsheri បានថ្លែងអំណរគុណយ៉ាងជ្រៅចំពោះ លោកហួត ហាក់ និង អ្នកឧកញ៉ា គិត ម៉េង ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូ បានចូលជួបពិភាក្សាការងារនាពេលនេះ។

លោកបានកត់សម្គាល់ពីភាពរីកចម្រើន នៃវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងជម្រាបជូនអំពីគម្រោងវិនិយោគ និងការពង្រីកវិសាលភាពពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្ម របស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

លោកក៏បានយល់ស្រប ពីការជម្រុញហោះហើរត្រង់រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត នឹងជួយជម្រុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគនៃប្រទេសទាំងពីរ។

លោកក៏បានលើកឡើងថា កិច្ចពិភាក្សាការងារនាថ្ងៃនេះ គឺជាចំនុចចាប់ផ្តើមនៃ កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងវិស័យឯកជននៃប្រទេសទាំងពីរ។

នាឱកាសនោះផងដែរ លោកហួត ហាក់ បានថ្លែងអំណរគុណដល់ អ្នកឧកញ៉ាគិត ម៉េង ដែលបានទទួលជំនួបពិភាក្សាការងារ ជាមួយនឹងគណៈប្រតិភូ របស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

លោកបានជម្រាបជូនគណៈប្រតិភូ អំពីកត្តាសុខសន្តិភាព ស្ថេរ​ភាពនយោបាយ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ គោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេស ក៏ដូចជាសក្តានុពលទេសចរ​ណ៍​វប្បធម៌ និងធម្មជាតិរបស់កម្ពុជា ដែលប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍មានសុវត្ថិភាព មានភាពទាក់ទាញ និងមានភាពសម្បូរបែប។

លោកហួត ហាក់ក៏បានឡើង សភាពាណិជ្ជកម្មកម្ពុជា គឺច្រកសម្រាប់ការស្វែងរកដៃគូរវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

លទ្ធផលនៃជំនួបនេះ ដោយភាគីទាំងពីរ បានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ រវាងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវិស័យឯកជននៃប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here