ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីអន្តរក្រសួង និងអ្នកជំនាញជប៉ុន បានបើកកិច្ច ប្រជុំពិនិត្យពិភាក្សាលើលទ្ធផលបឋម នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ១ និងស្ពានមេគង្គថ្មី។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំដឹកនាំដោយលោកតូច ចាន់កុសល រដ្ឋលេខាធិការនៃ ក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យលើលទ្ធផលបឋម នៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ១ និងស្ពានមេគង្គថ្មី ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍ (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) តំណាងក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងរដ្ឋបាលខេត្តកណ្តាល ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសOCG និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។
-->
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជួបប្រជុំពិនិត្យពិភាក្សាកម្រិតថ្នាក់ដឹកនាំ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងស្ថាប័នពាក់ព័ន្ធ លើលទ្ធផលបឋម នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ១ និងស្ពានមេគង្គថ្មី និងប្រមូលនូវធាតុចូលបន្ថែម ធ្វើយ៉ាងណាធានាឱ្យបានថាកិច្ចការនេះ មានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ មុនចេញរបាយការណ៍ផ្លូវការចុងក្រោយ។

បន្ថែមពីលើនេះ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណដល់តំណាងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការក្នុងការជំរុញ និងការស្វះស្វែងយ៉ាងយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យការអនុវត្តការងារនេះសម្រេចបានជាលទ្ធផលល្អ និងបន្តកិច្ចសហការជាមួយក្រុមការងារទាំងអស់បន្ថែមទៀត ដើម្បីជំរុញឱ្យការសិក្សាស្រាវជ្រាវទទួលបានជោគជ័យ និងអនុត្តន៍ទៅផែនការគ្រោងទុក។
គំរោងសាងសង់ស្ពានមេគង្គថ្មីនេះ អាចជាស្ពានតភ្ជាប់ពីម្តុំវត្តក្តីតាកុយទៅកាន់ក្រុងអរិយក្សត្រ ដែលអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាសម្តេចតេជោហ៊ុន សែនបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ស្នើសុំភាគីជប៉ុនជួយសិក្សា និងផ្តល់ជំនួយ។
ទោះជាយ៉ាងណា លោកផន រឹមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនមិនអាចបញ្ជាក់បានទេ ដោយសារគំរោងនេះមិនទាន់ត្រូវបានអនុម័តនៅឡើយ៕


