ដោយៈ ចំណាន
ភ្នំពេញៈ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា នឹងរៀបចំដំណើរទស្សនកិច្ចរយៈពេល៦យប់ ៧ថ្ងៃ ដល់ប្រតិបត្តិករទេសចរណ៍ អន្តរជាតិមកទស្សនកិច្ចនៅកម្ពុជា។
យុទ្ឋនាការនេះ ជាផ្នែកមួយបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះយុទ្ធនាការ “រដូវកាលបៃតង ២.០”(Green Season 2.0) សម្រាប់ឆ្នាំ២០២៦ ដែលរាជរដ្ឋាភិបាលបានផ្តល់គោលការណ៍ឯកភាពឲ្យបន្តអនុវត្ត ដោយមានគោលដៅបង្កើនសក្ដានុពល និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។
-->
លោក ធួន ស៊ីណាន ប្រធាន Pacific Asia Travel Association Cambodia Chapter (PATA Cambodia) បានឱ្យដឹងថា សមាគមនឹងរៀបចំកម្មវិធីផ្សព្វផ្សាយថ្មី មួយឈ្មោះ “CTM Mini Series” ដើម្បីលើកកម្ពស់គោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។

កម្មវិធីនេះ គ្រោងចាប់ផ្តើមពីចុងខែមីនា ឆ្នាំ២០២៦ រហូតដល់ខែធ្នូ ឆ្នាំ២០២៦។
លោកបានបន្ថែមថា ជារៀងរាល់ខែ សមាគមនឹងអញ្ជើញក្រុមហ៊ុនទិញសេវាទេសចរណ៍ពីបរទេស (buyers) ចំនួន២៥ ក្រុមហ៊ុន មកចូលរួមកម្មវិធីផ្លាស់ប្តូរព័ត៌មាន និងពិភាក្សាអាជីវកម្មជាមួយអ្នកផ្គត់ផ្គង់សេវាទេសចរណ៍ក្នុងស្រុក។ សម្រាប់ខែមីនា ឆ្នាំ២០២៦ នឹងមានការអញ្ជើញរហូតដល់៤០ក្រុមហ៊ុន ដើម្បីបើកដំណើរការយុទ្ធនាការជាផ្លូវការ។
កម្មវិធីនេះ នឹងរៀបចំជាទម្រង់ដំណើរទស្សនកិច្ច រយៈពេល៦ យប់៧ថ្ងៃ ដោយភ្ជាប់គោលដៅសំខាន់ៗ រួមមាន ភ្នំពេញ ព្រះសីហនុ និង សៀមរាប ដើម្បីបង្ហាញសក្ដានុពលទេសចរណ៍ពហុវិស័យ ទាំងវប្បធម៌ បេតិកភណ្ឌ ធម្មជាតិ និងទេសចរណ៍ឆ្នេរសមុទ្រ។

សកម្មភាពនេះ ត្រូវបានចាត់ទុកថា ជាកិច្ចសហការសំខាន់រវាងផ្នែកឯកជន និងរាជរដ្ឋាភិបាល ក្នុងការជំរុញចំនួនភ្ញៀវទេសចរអន្តរជាតិ បង្កើនការចំណាយក្នុងស្រុក និងពង្រីកទីផ្សារទេសចរណ៍ថ្មីៗ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យទេសចរណ៍ប្រកបដោយចីរភាព។
យោងតាមរបាយការណ៍អនុវត្តសាកល្បង យុទ្ធនាការរដូវកាលបៃតង ក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានកំណើនទេសចរជាតិគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ដោយមានភ្ញៀវទេសចរជាតិ ធ្វើដំណើរកម្សាន្តសរុប៩,៤៦លាននាក់ កើនឡើងប្រមាណ៦៤,៧% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤៕
