មន្រ្តីជាន់ខ្ពស់ៈទំហំពាណិជ្ជកម្មកម្ពុជា កាណាដាមានភាពរីកចម្រើនជាមួយសុទិដ្ឋិនិយម

0

ដោយៈ ចំណាន

    ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតជូនលោកAlan Bowman អគ្គនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេសកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងអំឡុងពេល ដែលលោកអញ្ជើញមកបំពេញ ទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ទ្វេភាគីកម្ពុជា-កាណាដាលើកទី២។

ក្នុងជំនួបនាព្រឹកនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ ចំពោះការកើនឡើងគូរឱ្យកត់សម្គាល់ នៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា។

ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ពីលទ្ធផល ដ៏ត្រចះត្រចង់ នៃបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ ដែលគណៈប្រតិភូកម្ពុជាបានបំពេញនៅប្រទេសកាណាដាកន្លងមក។ ភាពជោគជ័យនេះ មិនត្រឹមតែបានផ្សព្វផ្សាយ ពីសក្តានុពលវិនិយោគរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានកសាងស្ពានតភ្ជាប់ផ្ទាល់ រវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរផងដែរ។

បន្ថែមពីលើនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសម្របសម្រួល និងការគាំទ្ររបស់ស្ថានទូតកាណាដា និងភាគីកាណាដា ដែលជាកត្តាសំខាន់ក្នុងការធានាបាននូវភាពជោគជ័យនៃបេសកកម្មខាងលើ។

លោកស៊ុន ចាន់ថុលបានយកឱកាសនេះ សង្កត់ធ្ងន់លើលក្ខណៈពិសេសរបស់កម្ពុជា ដែលជាប្រទេសទីមួយ ដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ជាមួយសហរដ្ឋអាម៉េរិក។ លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ បានផ្តល់គុណប្រយោជន៍ជាយុទ្ធសាស្ត្រ ក្នុងការបង្កើនទំនុកចិត្ត និងភាពច្បាស់លាស់ដល់វិនិយោគិនអន្តរជាតិ ក្នុងការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប លោកAlan Bowman បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការលើកឡើងខាងលើរបស់ លោកឧបនា​យករដ្ឋមន្ត្រី និងបានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការចូលរួមយ៉ាងសកម្មលើកកម្ពស់រូបភាព និងមុខមាត់របស់កម្ពុជាក្នុងវេទិកាសកល ជាពិសេសនៅក្នុងកិច្ចការពាក់ព័ន្ធ នឹងបរិយាកាសទូទៅនៃសង្គម និងឧត្តមភាពនៃការវិនិយោគរបស់កម្ពុជា សំដៅធានាថាអ្នកវិនិយោគកាណាដា និងអន្តរជាតិជ្រួតជ្រាបយ៉ាងច្បាស់ និងទូលំទូលាយអំពីការរីកចម្រើនរបស់កម្ពុជា។

លោកក៏បានកោតសរសើរ ចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជាលើវិស័យភស្តុភារកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here