ដោយៈ ចំណាន
ភ្នំពេញៈ មន្រ្តីនិងថ្នាក់ដឹកនាំក្រុមហ៊ុន បានបើកកិច្ចប្រជុំពិភាក្សាផ្នែកបច្ចេកទេស ស្ដីពីការតភ្ជាប់ទីតាំងគម្រោងរបស់ ក្រុមហ៊ុនភីភីអិលស៊ី ស៊ូភើផត& អ៊ិនដាសស្ទ្រៀល ឯ.ក ទៅកាន់បណ្ដាញដឹកជញ្ជូនជាតិ។
កិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវ សន សុភាវត្តី អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម បានដឹកនាំមន្រ្តីបច្ចេកទេស របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ពិភាក្សាជាមួយក្រុមហ៊ុន ភីភីអិលស៊ី ស៊ូភើផត& អ៊ិនដាសស្ទ្រៀល ឯ.ក (PPLC SUPERPORT & INDUSTRIAL CO., LTD) ដោយមានការអញ្ជើញចូលរួម ពីតំណាងអគ្គនាយកដ្ឋានសាធារណការ តំណាងអគ្គនាយកដ្ឋានបច្ចេកទេស តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ តំណាងនាយកដ្ឋានផ្លូវដែក និងមន្រ្តីជំនាញពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានភស្ដុភារកម្មផងដែរ។
កិច្ចប្រជុំពិភាក្សានេះ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាអំពីការតភ្ជាប់ទីតាំង គម្រោងរបស់ក្រុមហ៊ុន (ផ្លូវថ្នល់ និងផ្លូវដែក) ទៅកាន់បណ្តាញដឹកជញ្ជូនដែលមានស្រាប់ និងធាតុចូលពាក់ព័ន្ធ រួមមាន៖ (១) ស្តង់ដារ និងបទប្បញ្ញត្តិផ្លូវថ្នល់ និង (២) ហេដ្ឋារចនាសម្ព័ន្ធសាធារណៈបច្ចុប្បន្ន និងគម្រោងតភ្ជាប់ផ្លូវថ្នល់ និងផ្លូវដែកនាពេលអនាគត។
ក្រុមហ៊ុន ភីភីអិលស៊ី ស៊ូភើផត& អ៊ិនដាសស្ទ្រៀល ឯ.ក (PPLC SUPERPORT & INDUSTRIAL CO., LTD) បានចុះបញ្ជីគម្រោងវិនិយោគឯកជន ជាតំបន់សេដ្ឋកិច្ចពិសេស (SEZ) និងគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដោយជោគជ័យរួចរាល់ និងកំពុងបោះជំហានជាបន្តបន្ទាប់ផងដែរ៕







