ដោយៈ ម៉ាលីនណា
សៀមរាបៈ សម្លេងអបអរសាទរ ការហ៊ោរកញ្ចៀវបានបន្លឺយ៉ាងកងរំពងជាមួយទិដ្ឋភាពដ៏អស្ចារ្យ និងភាពច្នៃប្រឌិត ក្នុងពិធីដង្ហែរបានតុក្កតាយក្ស ដែលគ្របដណ្តប់ពេញផ្ទៃក្រុងសៀមរាប ក្នុងរាត្រីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។
ព្រឹត្តិការណ៍ “ដង្ហែតុក្កតាយក្ស” លើកទី១៦ បានវិលត្រឡប់មកវិញយ៉ាងកក្រើក ជាមួយនឹងវត្តមានអ្នកចូលរួម អបអរសាទរទាំងជាតិ និងអន្តរជាតិយ៉ាងកុះករប្រមាណ១ម៉ឺននាក់។
ក្បួនដង្ហែដ៏រស់រវើកនេះ បានចាប់ផ្ដើមចេញដំណើរពីរង្វង់មូលវត្តដំណាក់ ឆ្ពោះទៅកាន់សួនហាត់ប្រាណក្បែរព្រះរាជដំណាក់ ដែលរូបតុក្កតាយក្ស ដែលច្នៃឡើងយ៉ាងសម្រិតសម្រាំង នឹងត្រូវដាក់តាំងបង្ហាញនៅទីនោះរយៈពេល៣ថ្ងៃ ដើម្បីផ្តល់ឱកាសឱ្យសាធារណជនបានទស្សនា និងថតរូបទុកជាអនុស្សាវរីយ៍។
សម្រាប់ប្រធានបទនាឆ្នាំនេះ គឺ”ក្បួនដង្ហែព្រៃ” ដែលមានការរំលេចរូបតំណាងសត្វកម្រ និងជិតផុតពូជចំនួន៨ប្រភេទ រួមមាន៖ ព្រាបស និមិត្តរូបនៃសន្តិភាព, សត្វរមាំង, ភេរោមច្រមុះ, ដំរីអាស៊ី, សត្វទោចថ្ពាល់លឿង, សត្វកេងកងធំ, តុកកែខ្លួនបង្កង់ ជាសត្វកម្រដែលមានតែនៅជួរភ្នំក្រវាញ និងសត្វអំពិលអំពែក ដែលច្នៃចេញពីស្នាដៃយុវជន និងកុមារជាង៤០០នាក់មកពីសាលារៀន និងអង្គការនានា។

លោកយិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA)បានកោតសរសើរដល់អ្នករៀបចំព្រឹត្តិការ ណ៍នេះ ដោយលោកបានបញ្ជាក់ថា ពិធីនេះមិនត្រឹមតែជាព្រឹត្តិការណ៍កំសាន្តនោះទេ តែក៏ជាផលិតផលទេសចរណ៍ថ្មីមួយ ដែលគួរមានការគាំទ្រពីរដ្ឋាភិបាល ពិសេសក្រសួងទេសចរណ៍ ដើម្បីញាំងព្រឹត្តិការណ៍នេះកាន់តែធំ និងក្លាយជាព្រឹត្តិការណ៍អន្តរជាតិមួយនៅកម្ពុជា។
លោកបន្តថា “តាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏័សកម្មរបស់រដ្ឋមន្រ្តីទេសចរណ៍លោកហួត ហាក់ យើងសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងកាន់តែរីកធំ ដើម្បីទាក់ទាញទេសចរណ៍អន្តរជាតិផង និងពន្យាការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ផងដែរ”។ លោកបន្ថែមថា “គោលដៅរបស់ទេសចរណ៍ គឺទាក់ទាញភ្ញៀវឲ្យបានច្រើន ស្នាក់នៅយូរ និងចំណាយប្រាក់ច្រើន”៕







