ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុនមួយដែលគ្រប់គ្រងដោយមហាសេដ្ឋីឥណ្ឌូនេស៊ីលោក Mochtar Riady គ្រោងដាក់លក់អគារ One Raffles Place ដែលជាអគារខ្ពស់កប់ពពកមួយក្នុងចំណោមអគារខ្ពស់ៗបំផុតនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលរបស់ប្រទេសសិង្ហបុរី។
យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថា អគារការិយាល័យនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន OUE Commercial REIT ដែលមានកម្ពស់៦២ជាន់ និងមានទីតាំងលក់រាយជាង៦៥.០០០ម៉ែត្រការ៉េ។
អគារនេះត្រូវបានប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់ចំនួន២,៤ពាន់លានដុល្លារសិង្ហបុរី (ប្រមាណ១,៩ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Business Times។

ក្រុមហ៊ុន OUE REIT កាន់កាប់ចំណែកភាគហ៊ុនប្រហែល៦៨ភាគរយនៅក្នុងអគារ One Raffles Place ដែលមានតម្លៃជាទឹកប្រាក់ចំនួន១,៩ពាន់លានដុល្លារសិង្ហបុរី គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៥។
ការសម្រេចចិត្តក្នុងការលក់ចេញនូវអគារ One Raffles Place នេះកើតឡើង ស្របពេលដែលបណ្តាវិនិយោគិនបង្ហាញចំណាប់អារម្មណ៍ខ្ពស់ចំពោះទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅប្រទេសសិង្ហបុរី។
ការវិនិយោគលើសណ្ឋាគារ អគារការិយាល័យ និងអចលនទ្រព្យលក់រាយនៅសិង្ហបុរីបានកើនឡើង១៨% ដល់៣៣,៩ពាន់លានដុល្លារសិង្ហបុរីក្នុងឆ្នាំ២០២៥ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល៨ឆ្នាំ៕ប្រភព: Vnexpress៕








