ដោយៈ ជេស៊ីកា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ថា គំរោងសាងសង់ព្រលានយន្តហោះនៅខេត្តរតនគិរី មិនអាចបញ្ជាក់បាននៅឡើយទេ ខណៈបច្ចុប្បន្នគំរោងនេះស្ថិតនៅក្នុងដំណាក់កាលជ្រើសរើសក្រុមក្រុមទីប្រឹក្សានៅឡើយ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ីន ច័ន្ទសិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី២៤ កុម្ភៈថា ខេត្តរតនៈគីរី ក៏មានគោលការណ៏ក្នុងការសិក្សាស្តីពី ការអភិវឌ្ឍន៏អាកាសយានដ្ឋានដែរ ប៉ុន្តែខ្នាតអ្វី និងទំហំប៉ុណ្ណាព្រលានប៉ុណ្ណា នោះគឺអាស្រ័យលើលទ្ធផលនៃការសិក្សាជាក់ស្តែង។
លោកបញ្ជាក់ថា “បន្ទាប់ពីការសិក្សាបញ្ចប់ នឹងត្រូវស្វែងរកដៃគូដើម្បីវិនិយោគ ប៉ុន្តែបច្ចុប្បន្នគំរោងនេះ ស្ថិតនៅក្នុងដំណាក់កាល ជ្រើសរើសconsultants នៅឡើយ”។ លោកបន្តថា រីឯព្រលានយន្តហោះខេត្តមណ្ឌលគីរី គឺនៅរក្សាគោលការណ៏ ការអភិវឌ្ឍន៏អាកាសយានដ្ឋានស្របរបៀបវារៈ នៃផែនការមេស្តីពីការអភិវឌ្ឍន៏វិស័យទេសចរណ៏នៅខេត្តមណ្ឌលគីរីដដែល”។

លោកស៊ីន ច័ន្ទសិរីវុត្ថាបានបន្តថា អ្វីៗគឺស្ថិតនៅលើសក្តានុពលសេដ្ឋកិច្ច ភាពទាក់ទាញ និងតម្រូវការនៅតំបន់ទាំងនោះ ជាក់ស្តែង
។ គម្រោងសិក្សានេះ ស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបញ្ជាក់ថា “តាមផែនការរបស់រដ្ឋាភិបាល កម្ពុជានឹងមានព្រលានយន្តហោះ នៅគ្រប់ខេត្តទាំងអស់នាពេលអនាគត ហើយលោកជឿថា “ខ្មែរអាចធ្វើបាន”៕







