ដោយ: សហសេវិក
អន្តរជាតិ: ការរីកចម្រើននៃទីផ្សារជួលលំនៅឋានលំដាប់ខ្ពស់របស់ប្រទេសចិនកំពុងទាក់ទាញបណ្តាក្រុមហ៊ុនបដិសណ្ឋារកិច្ចអន្តរជាតិ ហើយក្រុមហ៊ុនមួយចំនួនកំពុងពង្រីកការវិនិយោគដើម្បីបំពេញតម្រូវការអ្នកជួល និងចំណាប់អារម្មណ៍របស់វិនិយោគិន។
ទីផ្សារជួលលំនៅដ្ឋានរបស់ប្រទេសចិនបានឆ្លងកាត់ការប្រែប្រួលក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដែលជំរុញដោយតម្រូវការជួលរបស់ប្រជាជនចិនក្មេង។
បច្ចុប្បន្ន ប្រជាជនចិនវ័យក្មេងផ្តល់អាទិភាពដល់ការរស់នៅចល័ត ការរក្សាលំហូរសាច់ប្រាក់ និងគុណភាពជីវិត។ ក្រុមអ្នកជំនាញលើកឡើងថា ទីផ្សារជួលលំនៅឋានកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាសាស្ត្រនេះ។
លោក James Macdonald ប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន Savills ប្រចាំប្រទេសចិន បានអះអាងថា តម្រូវការជួលលំនៅឋានកាន់តែមានស្ថិរភាព ខណៈអ្នកអភិវឌ្ឍន៍បានបង្កើតវេទិកាជួលលំនៅឋានប្រកបដោយវិជ្ជាជីវៈ។

វេទិកាទាំងនោះផ្តល់ជូននូវជម្រើសកាន់តែច្បាស់ទាក់ទងនឹងតម្លៃ ប្រភេទអាផាតមុិន និងកម្រិតសេវាកម្ម។ ការណ៍នេះបានទាក់ទាញតម្រូវការជួលពីក្រុមអ្នកជំនាញវ័យក្មេង ដែលផ្តល់អាទិភាពលើភាពបត់បែន និងសេវាកម្មដែលអាចទុកចិត្តបាន។
បណ្តាក្រុមហ៊ុនបដិសណ្ឋារកិច្ចល្បីៗរបស់ប្រទេសសិង្ហបុរី រួមមាន ក្រុមហ៊ុន Ascott និងក្រុមហ៊ុន Frasers សុទ្ធតែបានពង្រីកខ្លួនទៅក្នុងទីផ្សារជួលលំនៅឋាននៅក្នុងប្រទេសចិន។
ក្រុមហ៊ុន Ascott ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CapitaLand Investment – បានឈានជើងចូលមកកាន់ប្រទេសចិនក្នុងឆ្នាំ១៩៩៨ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុននេះមានគម្រោងអភិវឌ្ឍអចលនទ្រព្យជាង២៥០ ដែលមានលំនៅឋានជាង៥៥.០០០យូនីតនៅក្នុងទីក្រុងជាង៤០ ទូទាំងប្រទេសចិន។
ជាមួយគ្នានេះ ក្រុមហ៊ុន Frasers Hospitality ក៏បានឈានជើងចូលទៅក្នុងទីផ្សារជួលលំនៅឋានលំដាប់ខ្ពស់របស់ប្រទេសចិន ជាមួយនឹងម៉ាកយីហោ Modena by Fraser ដោយកំណត់គោលដៅទាក់ទាញក្រុមអ្នកជំនាញវ័យក្មេងដែលស្វែងរកការជួលផ្ទះរយៈពេលវែង៕ប្រភព: The Business Times៕








