ស្ថាប័នចំនួន៤ត្រៀមរៀបចំពិព័រណ៍ផលិតផលទេសចរណ៍បៃតង សហគមន៍ភូមិវត្តបូព៌

0

ដោយៈ គង់ សូរិយា

    សៀមរាបៈ ខេត្តសៀមរាបនឹងរៀបចំពិព័រណ៍ ផលិតផលទេសច​រណ៍បៃតង សហគមន៍ភូមិវត្តបូព៌ រយៈពេល២ថ្ងៃ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងបរិស្ថាន។

ការរៀបចំនេះ ធ្វើឡើងក្រោមកិច្ចសហការ រវាងរដ្ឋបាលខេត្តសៀមរាប សហការគ្នាជាមួយសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា ខេត្តសៀមរាប សហគមន៍ភូមិវត្តបូព៌ និងវិស័យឯកជននៅក្នុងខេត្ត គ្រោងនឹងរៀបចំតាំងពិព័រណ៍ ផលិតផលទេសចរណ៍បៃតង រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៦ នៅតាមដងស្ទឹងក្នុងក្រុងសៀមរាប ដើម្បីដាក់តាំងបង្ហាញផលិតផល និងសេវាកម្មនានាដល់ភ្ញៀវជាតិ និងអន្តរជាតិ។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីខាងលើ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ជីវ រដ្ឋា អធិការបតីរងប្រតិបត្តិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ខេត្តសៀមរាប បានឱ្យដឹងថា ពិព័រណ៍នេះនឹងបង្ហាញពីផលិតផលទេស​ចរណ៍បៃតង ដែលមិនប៉ះពាល់ដល់បរិស្ថាន ពីក្រុងស្រុកទាំង១៣ ក្នុងខេត្តសៀមរាប។

តាមរយៈពិព័រណ៍នេះ ជាការអប់រំ និងលើកកម្ពស់ការយល់ដឹងដល់អ្នកទេសចរ និងប្រជាជនមូលដ្ឋានឱ្យយល់ដឹង ពីសារៈសំខាន់របស់ទេសចរណ៍បៃតង និងការអនុវត្តប្រកបដោយនិរន្តរភាព បង្កើតវេទិកាអន្តរកម្ម សម្រាប់អាជីវកម្មក្នុងស្រុក និងប្រតិបត្តិករទេសចរណ៍។ ជាពិសេសជួយជំរុញ និងផ្ដល់ឱកាសដល់ក្រុងស្រុកទាំង១៣ ក្នុងការរួមចំណែកអនុវត្តទេសចរណ៍បៃតង ដើម្បីលើកកម្ពស់មុខមាត់ខេត្តទាំងមូល។

លោកយុន លីនណេ អភិបាលរងខេត្ត តាមរយៈការប្រមូលផ្ដុំផលិតផលពីតាមក្រុងស្រុកទាំង១៣ យើងនឹងឃើញពីភាពច្នៃប្រឌិត និងការប្ដេជ្ញាចិត្ត របស់សហគមន៍មូលដ្ឋាននីមួយៗ ក្នុងការរួមចំណែកអភិរក្សបេតិកភណ្ឌធម្មជាតិ និងវប្បធម៌របស់ខេត្តសៀមរាប។ មិនតែប៉ុណ្ណោះ វាក៏បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដែលជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់។

សម្រាប់ភ្ញៀវទេសចរវិញ ក៏អាចទទួលបាននូវបទពិសោធន៍នៃការកម្សាន្ត ជាផ្នែកមួយនៃការចូលរួមចំណែក ដើម្បីលើស្ទួយវិស័យទេស​ចរណ៍ ប្រកបដោយនិរន្តរភាពក្នុងពេលតែមួយទៀតផង។

លោកអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា ដើម្បីឱ្យការរៀប​ចំពិព័រណ៍ ផលិតផលទេសចរណ៍ខាងលើ ប្រព្រឹត្តទៅបានល្អប្រសើរ ស្របតាមផែនការគ្រោងទុក សូមឱ្យសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាខេត្តសៀមរាប សហការជាមួយរដ្ឋបាលក្រុងសៀមរាប ស្នងការដ្ឋាននគរបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈទូទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here