ដោយៈ ចំណាន
ភ្នំពេញៈ ប្រព័ន្ធអេកូឡូស៊ីជាង៨២,០០០ហិកតា និងតំបន់សហគមន៍ការពារធម្មជាតិចំនួន១៦ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន កំពុងសហការជាមួយគម្រោងCamAdapt ដើម្បីពង្រឹងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ភាពធន់ និងការធ្វើពិពិធកម្មជីវភាពរស់នៅ នៅតាមតំបន់ឆ្នេរកម្ពុជា។
ក្រសួងបរិស្ថាន តាមរយៈគម្រោង CamAdapt បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការពង្រឹងបណ្តាញសហគមន៍តំបន់ការពារធម្មជាតិ និងការត្រួតពិនិត្យឡើងវិញ នូវវឌ្ឍនភាពនៃការអភិរក្សសហគមន៍”។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួម ពីតំណាងមន្ទីរបរិស្ថានខេត្ត និងតំណាងសហគមន៍តំបន់ការពារធម្មជាតិ នៃខេត្តកំពត និងខេត្តកោះកុង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្នុងបណ្តាញសហគមន៍ កែលម្អផែនការគ្រប់គ្រង និងធ្វើសមាហរណកម្មវិធានការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់ការផ្តល់អាទិភាពយេនឌ័រ នៅក្នុងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីនៅតំបន់ឆ្នេរ។

ជាលទ្ធផល សហគមន៍តំបន់ការពារធម្មជាតិទាំង១៦ បានធ្វើបច្ចុប្បន្នភាព និងកែសម្រួលផែនការគ្រប់គ្រង សម្រាប់សហគមន៍នីមួយៗ ដើម្បីបំពេញចន្លោះខ្វះខាត លើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី ការចូលរួមរបស់សហគមន៍ និងការបញ្ជ្រាបយេនឌ័រ។
ព្រឹត្តិការណ៍ការណ៍នេះ បានជួយពង្រឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលបង្កឡើងដោយអាកាសធាតុ ព្រមទាំងធានាបាននូវការចូលរួម ពីគ្រប់សមាសភាព ក្នុងកិច្ចការអភិរក្ស និងការអភិវឌ្ឍសហគមន៍។
គម្រោងCamAdapt ត្រូវបានផ្តល់ថវិកាដោយមូលនិធិបរិស្ថានសកល (GEF) និងអនុវត្តដោយក្រសួងបរិស្ថាន រដ្ឋបាលជលផល និងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ប្រចាំប្រទេសកម្ពុជា៕








