កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់តំបន់អាស៊ាននឹងជួយជំរុញដល់ការវិនិយោគលើទីផ្សារអចលនទ្រព្យក្នុងតំបន់

0

ដោយ: សហសេវិក
អន្តរជាតិ: តំបន់អាស៊ាននៅតែជាប៉ូលសេដ្ឋកិច្ចមួយដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោក។ នេះបើយោងតាមការស្រាវជ្រាវក្នុងរបាយការណ៍ Southeast Asia Outlook ឆ្នាំ២០២៦ របស់ក្រុមហ៊ុន Cushman & Wakefield។

ផលទុនជាតិសរុប (GDP) របស់តំបន់អាស៊ានបានបន្តសម្រេចបាននូវកំណើនទោះបីជាបរិយាកាសពាណិជ្ជកម្មពិភពលោកមានភាពច្របូកច្របល់កាលពីឆ្នាំមុនយ៉ាងណាក្តី ដោយការប៉ាន់ស្មានបានបង្ហាញពីការកើនឡើង៤,៨%សម្រាប់ឆ្នាំ ២០២៥។

នៅឆ្នាំ២០២៦ កំណើន GDP ត្រូវបានគេរំពឹងថា នឹងកើនឡើង៤,៣%។ របាយការណ៍បានបង្ហាញថា ការប្រើប្រាស់ឯកជន ដែលជាកត្តាជំរុញកំណើនដ៏សំខាន់នៅក្នុងតំបន់ នៅតែមានភាពធន់ ដោយសារអត្រាភាពគ្មានការងារធ្វើមានកម្រិតទាប និងការកើនឡើងនៃប្រាក់ចំណូលគ្រួសារ។

ក្រុមហ៊ុន Cushman & Wakefield វាយតម្លៃថា សូចនាករសេដ្ឋកិច្ចវិជ្ជមានទាំងនេះ រួមផ្សំជាមួយនឹងកត្តាប្រជាសាស្ត្រអំណោយផល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស នឹងធ្វើឱ្យតំបន់អាស៊ានបោះជំហានក្លាយជាប៉ូលសេដ្ឋកិច្ចធំបំផុតទី៤នៅលើពិភពលោក។

កំណើនសេដ្ឋកិច្ចនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​វិស័យ​អចលនទ្រព្យ ខណៈ​​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​អាស៊ានបន្ត​បង្ហាញ​សន្ទុះប្រកបដោយស្ថិរភាព។

នៅ​ឆ្នាំ២០២៥ ការ​​វិនិយោគ​លើ​ទីផ្សារអចលនទ្រព្យ​របស់​តំបន់​នេះសម្រេចបានទំហំទឹកប្រាក់សរុប​ប្រមាណ២១,៨ពាន់​លាន​ដុល្លារ​អាមេរិក ដែល​កើនឡើង​ជិត១៦ភាគរយបើ​ធៀប​នឹង​ឆ្នាំ​២០២៤៕ប្រភព: Edgeprop៕

LEAVE A REPLY

Please enter your comment!
Please enter your name here