ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទី ប្រកបដោយបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។
លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញចូលរួមថ្លែងសុន្ទរកថាអបអរសាទរក្នុងកម្មវិធី K-WAVE Peace Concert 2026 ដែលរៀបចំឡើងដោយ The Cambodia Branch of the Peaceful Unification Advisory Council (PUAC) មានការចូលរួមជាសារវីដេអូរបស់ឯកឧត្តមប្រធានាធិបតី Lee Jae-myung ប្រធានក្រុមប្រឹក្សាអង្គការ Peaceful Unification Advisory Council (PUAC) និងវត្តមានផ្ទាល់របស់លោក Kim Chang-yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោក Robin Kim ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា ព្រមទាំងលោក លោកស្រីតំណាងក្រុមហ៊ុន អង្គការ និងធនាគារកូរ៉េនៅកម្ពុជា សិស្សនិសិ្សត និងប្រជាពលរដ្ឋកម្ពុជា។
ក្នុងឱកាសនៃកម្មវិធីផ្សព្វផ្សាយវប្បធម៌ ដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅនេះ គណៈអធិបតីនៃប្រទេសទាំងពីរ បានវាយតម្លៃខ្លស់ លើគុណតម្លៃនៃសន្តិភាព ការរួបរួមគ្នា ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងការទូត “ភាពជាដៃគូយុទ្ធសាស្រ្ត” រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការជំរុញទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌រវាងប្រទេសទាំងពីរ ការរួមគ្នាប្រយុទ្ធប្រឆាំង និងបោសសំអាតឱ្យអស់ឧក្រិដ្ឋកម្ម ឆបោកអនឡាញអន្តរជាតិ ដែលបានជះឥទ្ធិពលជាអវិជ្ជមាន លើការធ្វើដំណើរ ប្រកបអាជីវកម្ម និងទេសចរណ៍។

លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់លើគំនិតផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ ដែលបានរួមចំណែកលើកពីគុណតម្លៃនៃសុខសន្តិភាព ការរួបរួមសាមគ្គីភាពគ្នា ការពង្រឹងចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងការជំរុញការផ្លាស់ប្តូរ និងការស្វែងយល់ពីគ្នា រវាងប្រជាជននៃប្រទេសទាំងពីរតាមរយៈតន្ត្រី សិល្បៈ និងវប្បធម៌។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អ្នករៀបចំកម្មវិធី និងបានគូសបញ្ជាក់ជូនភ្ញៀវជាតិ និងអន្តរជាតិដែលមានវត្តមានថាកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរាក់ទាក់ សម្រាប់ភ្ញៀវទេសចរពីទូទាំងពិភពលោក។
លោកហួត ហាក់បានបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ក្រាប និងលុបបំបាត់ដល់ឬសគល់នៃឧក្រិដ្ឋកម្ម ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានានូវបរិយាកាសសុវត្ថិភាព និងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និងវិនិយោគិន”។
ក្នុងរយៈពេល២ខែដំបូង នៃឆ្នាំ២០២៦ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៦៩០,០០០នាក់ ដែលក្នុងនោះមានភ្ញៀវទេសចរកូរ៉េជិត១៥.១០០នាក់ ដែលបង្ហាញពីសក្តានុពល និងភាពទាក់ទាញទេសចរណ៍របស់កម្ពុជាក្នុងទីផ្សារកូរ៉េ៕







