ដំណឹងល្អៈរដ្ឋាភិបាលដាក់ដំណើរការប័ណ្ណឥណពន្ធកម្ពុជា ចិនជាផលិតផលទេសចរណ៍ថ្មី

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា បណ្ណឥណពន្ធទេសចរណ៍កម្ពុជា-ចិន ជាផលិតផលទេសចរណ៍ថ្មីប្រកបដោយនវានុវត្តន៍ និងផ្តល់ភាពកាន់តែងាយស្រួលដល់ភ្ញៀវទេស​ចរកម្ពុជា ចិន និងអន្តរជាតិក្នុងការទូទាត់អំឡុង ដំណើរកម្សាន្តនៅកម្ពុជា។

លោកហួត ហាក់បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាអបអរសាទរ ក្នុងពិធីដាក់ឱ្យដំណើរការ “សេវាកម្មទូទាត់ប្រាក់ឆ្លងដែន និងកាតឥណពន្ធទេសចរណ៍កម្ពុជា-ចិន” ដែលរៀបចំឡើងដោយធនាគារ Bank of China សាខាភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកជំទាវ Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា។ លោក Sun Yu នាយកប្រតិបត្តិនៃធនាគារ Bank of China សាខាហុងកុង លោក អ៊ុក សារ៉ាត់ តំណាងធនាគារជាតិនៃកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសមកពីស្ថាប័នរដ្ឋ ឯកជន ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ហិរញ្ញវត្ថុ និងដៃគូអាជីវកម្មជាច្រើន។

ថ្លែងក្នុងឱកាសនៃកម្មវិធីដ៏សំខាន់នេះ លោកហួត ហាក់បានកោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមដ៏ល្អ ក្នុងការបង្កើ​តបណ្ណឥណពន្ធទេសចរណ៍កម្ពុជា -ចិនដែលផ្តល់នូវភាពកាន់តែងាយស្រួលដល់ភ្ញៀវទេសចរ ឬអ្នកធ្វើដំណើរចិន ឬអន្តរជាតិ ដែលអញ្ជើញមកដល់កម្ពុជា អាចធ្វើការទូទាត់ប្រាក់ឆ្លងប្រទេស តាមប្រព័ន្ធQR ជាធម្មតា។

ការផ្តល់សេវាកម្មនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត និងគួរជាទីមោទនៈរបស់រដ្ឋាភិបាលកម្ពុជា និងចិនលើការធ្វើបរិវត្តកម្មឌីជីថលលើផ្នែកទេសចរណ៍ ហរិញ្ញវត្ថុ និងប្រព័ន្ធទូទាត់ឆ្លងប្រទេស (QR) ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ដែលឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងការផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក ជាអាទិភាព ដែលមានគោលដៅរួមគឺការកសាង “សហគមន៍ជោគវាសនារួមកម្ពុជា-ចិន” គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ និងជាយន្តការថ្មីជួយបង្កើនសន្ទុះយុទ្ធនាការទេសចរណ៍ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន”។

លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូនដល់អង្គពិធី និងភ្ញៀវទេសចរចិន និងអន្តរជាតិ ការធានាផ្តល់ជូននូវសុខសុវត្ថិភាព និងសន្តិសុខដល់ភ្ញៀវទេសចរអន្តរជាតិ និងធុរជនបរទេសដែលកំពុងស្នាក់នៅ ទស្សនា និងធ្វើដំណើរនៅកម្ពុជាជាអាទិភាពចម្បង របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលជាអ្នកដឹកនាំបន្តវេន ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

ការដាក់ឱ្យប្រើប្រាស់សេវាទូទាត់ឆ្លងដែន និងបណ្ណឥណពន្ធទេ​សចរណ៍កម្ពុជា-ចិន មិនត្រឹមតែជំរុញការទូទាត់ ដោយពុំប្រើសាច់ប្រាក់ឱ្យកាន់តែមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកធ្វើទំនើបកម្ម និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ តាមបែបឌីជីថល និងឱ្យកាន់តែសម្បូរបែបឆ្លើយតប នឹងតម្រូវការរបស់ភ្ញៀវទេសចរចិន និងអន្តរជាតិជំរុញកំណើនភ្ញៀវទេសចរចិន និងអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន ព្រមទាំងផ្តល់នូវកាលានុវត្តភាពវិនិយោគកាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here