ដោយៈ ម៉ាណា
អន្តរជាតិៈ ការព្យាករណ៍អំពីតម្លៃ “មាស”របស់ស្ថាប័នអន្តរជាតិធំៗបានបង្ហាញនូវទស្សនវិស័យខុសគ្នា ស្របពេលតម្លៃមាសបាននិងកំពុងធ្លាក់ចុះក្នុងប៉ុន្មានសប្តាហ៍មកនេះ។
យោងតាមធនាគារJ.P. Morgan បានព្យាករណ៍ថា តម្លៃមាសនឹងស្ថិតក្នុងរង្វង់ ជាមធ្យម៥.០៥៥ ដុល្លារ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៦ ជាមួយនឹងគោលដៅរយៈពេលវែង មាសនឹងកើនដល់តម្លៃ៦.០០០ដុល្លារ នៅឆ្នាំ២០២៨ក្នុងមួយអោនស៍។

ការប៉ាន់ស្មានមួយចំនួន កាលពីខែកុម្ភៈមុនថែមទាំងបានបង្ហាញពីគោលដៅចុងឆ្នាំ២០២៦ នឹងកើនដល់៦.៣០០ដុល្លារក្នុងមួយអោនស៍ផងដែរ។
ចំណែកធនាគារUBS បានព្យាករណ៍អំពីគោលដៅ ដែលតម្លៃមាសនឹងកើនដល់៦.២០០ដុល្លារ សម្រាប់ត្រីមាសទីបីនៃឆ្នាំ ២០២៦ ជាមួយនឹងសេណារីយ៉ូ អាចកើនឡើង៧.២០០ដុល្លារ ប្រសិនបើភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើងបន្ថែមទៀត។

ទន្ទឹមនឹងគ្នានេះ ធនាគារGoldman Sachs បានរក្សាគោលដៅអភិរក្សនិយមជាង ប៉ុន្តែនៅតែខ្ពស់ជាង៥.៤០០ ដុល្លារក្នុងមួយអោនស៍សម្រាប់ឆ្នាំ២០២៦។

ជាមួយគ្នានេះធនាគារDeutsche Bank បានបង្ហាញសុទិដ្ឋិនិយមថា ថាមាសនឹងឡើងដល់៦.០០០ដុល្លារក្នុងមួយអោន នៅឆ្នាំ ២០២៦ ដែលជំរុញដោយតម្រូវការជាប់លាប់ សម្រាប់ទ្រព្យសកម្មមិនមែនដុល្លារ។
បន្ថែមពីលើនេះ បើគិតសម្រាប់រយៈពេលវែងដល់ឆ្នាំ២០៣០ ការព្យាករណ៍ដោយសុទិដ្ឋនិយមពី Yardeni Research បានបង្ហាញថា តម្លៃមាសអាចលើសពី១០.០០០ដុល្លារ ក្នុងមួយអោនស៍នៅឆ្នាំ២០៣០ ក្នុងសេណារីយ៉ូ”វដ្តធំដែលជំរុញដោយគោលនយោបាយ”៕







