ក្រុមហ៊ុនមួយគ្រោងកែច្នៃយកខ្លឹមចន្ទន៍ក្រស្នាធ្វើជាវត្ថុអនុស្សាវរីយ៍ដ៏ប្រណិតសម្រាប់ទាក់ទាញភ្ញៀវទេសចរមូស្លីម

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានអនុញ្ញាតជូន ឧកញ៉ាបណ្ឌិត ណាង សុធី ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន THY HOLDING CO., LTD និងសហការី ចូលជួបពិភាក្សាការងារលើគម្រោងរៀបចំវត្ថុអនុស្សាវរីយ៍ប្រណិត ដែលកែច្នៃឡើងពីខ្លឹមចន្ទន៍ក្រស្នា ដើម្បីធ្វើជាគ្រឿងក្រអូប គ្រឿងកែសម្រស់ សម្រាប់លក់ជូនភ្ញៀវ​ទេសចរអារ៉ាប់។

ឧកញ៉ាបណ្ឌិត ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន THY HOLDING CO., LTD បានជម្រាបលោករដ្ឋមន្រ្តី ពីផែនការរបស់ក្រុមហ៊ុនដោយក្រុមហ៊ុនគ្រោងនឹងរៀបចំកែច្នៃ “ខ្លឹមចន្ទន៍ក្រស្នា” ឱ្យទៅជាវត្ថុអនុស្សាវរីយ៍ដ៏ប្រណិតសម្រាប់ភ្ញៀវទេសចរ និងគ្រោងបើកជាហាងលក់វត្ថុអនុស្សាវរីយ៍ប្រណិត ដែលកែច្នៃពីខ្លឹមចន្ទន៍ក្រស្នា នៅក្នុងប្រទេសកម្ពុជា ព្រមទាំងគ្រោងរៀបចំទៅជាកសិ-ទេសចរណ៍ នាពេលខាងមុខ។

ជាការឆ្លើយតប លោកហួត ហាក់បានលើកឡើងថា ដើម្បីទាក់ទាញនូវភ្ញៀវទេសចរអារ៉ាប់ មកទស្សនាកម្ពុជាឱ្យកាន់តែច្រើន ក្រសួងទេសចរណ៍ បាននិងកំពុងអនុវត្តន៍ផែនការទេសចរណ៍មូស្លីម ២០២៣​-២០២៧ ក៏ដូចជាសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការជំរុញម្ហូបអាហារហាលឡាល់ និងស្តង់ដា Cambodia Muslim Friendly ។

ក្នុងន័យនេះ លោករដ្ឋមន្ត្រី ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន នាពេលកន្លងមក និងគម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលនឹងជាតម្លៃបន្ថែមខ្ពស់ក្នុងវិស័យទេសចរណ៍ ជាពិសេសនឹងចូលរួមជួយជំរុញទេសចរណ៍មូស្លីម និងទាក់ទាញភ្ញៀវទេសចរមូស្លីម។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនស្វែងរកការប្រឹក្សាផ្លូវច្បាប់ ដើម្បីដំណើរការគម្រោងខាងលើស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here