ដោយៈ ម៉ាណា
ភ្នំពេញៈ នៅពេលប្រធានាធិបតីដូណាល់ ត្រាំប្រកាសពីការផ្អាកវាយគ្នា៥ថ្ងៃជាមួយអ៊ីរ៉ង់ ភ្លាមៗតម្លៃមាសបានហក់ឡើងខ្ពស់ ហើយតម្លៃប្រេងបានធ្លាក់ចុះ ប៉ុន្តែអ្វីៗគ្រាន់តែជាការភូតកុហក។
សំណួរនៅទីនេះតើតម្លៃមាស នឹងធ្លាក់ចុះរហូតដល់សង្រ្គាមបញ្ចប់ ទើបងើបឡើងវិញឬយ៉ាងណា? អ្នកវិភាគមកពីស្ថាប័នល្បីៗជាច្រើនបានលើកឡើងថា តម្លៃមាសវាអាចនឹងធ្លាក់ចុះក្នុងរយៈពេលខ្លី ប៉ុន្តែមិនចាំបាច់ក្នុងរយៈពេលយូរទេ សូម្បីតែបន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់បានបញ្ចប់ក៏ដោយ។
១) បន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់បញ្ចប់ មាសអាចធ្លាក់ថ្លៃបន្ថែមទៀត
ប្រសិនបើសង្គ្រាមស្ងប់ស្ងាត់ ឬបញ្ចប់ ការភ័យខ្លាចនៅក្នុងទីផ្សារថយចុះ វិនិយោគិនផ្លាស់ប្តូរប្រាក់ទៅក្នុងផ្សារហ៊ុន និងទ្រព្យសកម្មអាជីវកម្មមានហានិភ័យ ខណៈប្រាក់ដុល្លារអាមេរិកអាចនៅតែរឹងមាំ ហេតុផលនេះ នឹងធ្វើឲ្យតម្លៃមាសធ្លាក់ចុះ។
អត្រាការប្រាក់នៅតែខ្ពស់ ក៏ជាបញ្ហាសម្រាប់មាសផងដែរ ដោយធនាគារកណ្តាលសហរដ្ឋអាមេរិ កមិនទាន់កាត់បន្ថយនៅឡើយទេ។ នេះជាហេតុផលធំបំផុត ដែលមាសកំពុងធ្លាក់ចុះនៅពេលនេះ។
២) ការធ្លាក់ចុះបច្ចុប្បន្នមិនមែនភាគច្រើននិយាយអំពីសង្គ្រាមទេ
ចំណុចនេះមានសារៈសំខាន់ខ្លាំងណាស់ ដោយតម្លៃមាសបានធ្លាក់ចុះចន្លោះពី១៥ ទៅ២០ភាគរយរួចហើយ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។
នេះមានន័យថា ទីផ្សារកំពុងមានប្រតិកម្មកាន់តែច្រើន ចំពោះអត្រាការប្រាក់ ដុល្លារអាមេរិក មិនមែនសង្គ្រាមទេ។ ដូច្នេះទោះបីជាសង្គ្រាមបញ្ចប់ក៏ដោយ ក៏មាសបន្តផលប៉ះពាល់។
៣) រយៈពេលវែង៖ មាសជាធម្មតាមិនធ្លាក់ចុះទេ
អ្នកជំនាញនិយាយថា ទោះបីជាមានការធ្លាក់ចុះបច្ចុប្បន្នក៏ដោយ មាសរយៈពេលវែង មាសនៅតែឡើងថ្លៃ ដែលគាំទ្រដោយបញ្ហាអតិផរណា បញ្ហាបំណុលសកល និងការទិញរបស់ធនាគារកណ្តាលរបស់បណ្តាប្រទេសនានា។

៤) សេណារីយ៉ូដែលអាចកើតមានចំនួន២ បន្ទាប់ពីសង្គ្រាមបញ្ចប់
សេណារីយោ “ក”
ករណីធ្លាក់ចុះ ប្រសិនបើក្រោយសង្គ្រាម សេដ្ឋកិច្ចរឹងមាំ អត្រាការប្រាក់នៅតែខ្ពស់ ដុល្លារអាមេរិករឹងមាំ នឹងធ្វើឲ្យតម្លៃមាសអាចធ្លាក់ចុះបន្ថែមទៀត ចន្លោះពី៥ទៅ២០ភាគរយ។
សេណារីយ៉ូ “ខ”(ករណីកើនឡើង)
ប្រសិនបើក្រោយសង្គ្រាម សេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ធនាគារកណ្តាលអាមេរិកកាត់បន្ថយអត្រាការប្រាក់ ដុល្លារអាមេរិកចុះខ្សោយ
មាសអាចឡើងថ្លៃខ្លាំងម្តងទៀត ដែលអាចកើនឡើងចន្លោះពី១៥ទៅ៣០ភាគរយ៕







