រដ្ឋមន្រ្តីក្រសួងចំនួន២រួមគ្នាសហការរៀបចំព្រឹត្តិការណ៍ដំណើរ ទស្សនកិច្ចតំបន់អង្គរ

0

ដោយៈ ចំណាន

    សៀមរាបៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសុខាភិបាល បានរួមគ្នាសហការរៀបចំព្រឹត្តិការណ៍ ដំណើរទស្សនកិច្ចតំបន់អង្គរក្នុងយុទ្ធនាការរៃអង្គាសថវិកា “Walk for a Smile” ដែលបានបង្ហាញអំពីទឹកចិត្តសប្បុរសធម៌ ខ្មែរជួយខ្មែរ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសប្រតិបត្តិការល្អ ជាពិសេសជាតម្លៃបន្ថែមខ្ពស់ ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា និងសេដ្ឋកិច្ចកម្ពុជា។

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ រួមជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញ ជាគណៈអធិបតីក្នុងព្រឹត្តិការណ៍ “Walk for a Smile” ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់អង្គការស្នាមញញឹមកម្ពុជា ដែលនេះគឺជាលើកទី១ សម្រាប់ក្រសួងទេសចរណ៍ និងជាលើកទី៨ ដែលកម្មវិធី Walk for a Smile ត្រូវបានរៀបចំឡើងនៅលើទឹកដីដ៏ពិសិដ្ឋ និងជាតំបន់វប្បធម៌បេតិកភណ្ឌនៃខេត្តសៀមរាប ស្របពេលដែលថ្ងៃនេះក៏ជាថ្ងៃនៃព្រឹត្តិការណ៍សមរាត្រីអង្គរ។

ក្នុងកម្មវិធីមនុស្សធម៌នេះ មានការអញ្ជើញចូលរួមពីលោក ចាន់ កុក ចយ នាយកប្រតិបត្តិអង្គការស្នាមញញឹមកម្ពុជា (smile Cambodia) និងមន្រ្តីពាក់ព័ន្ធ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលអង្គការស្នាមញញឹមកម្ពុជា ព្រមទាំងការជួយជ្រោម​ជ្រែង សព្វគ្រប់បែបយ៉ាងពីក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) បានបំពេញបេសកកម្មផ្ដល់សេវាវះកាត់ ដោយឥតគិតថ្លៃ ជូនអ្នកជំងឺមាត់ឆែប ក្រអូមមាត់ឆែប រលាក ព្យាបាលមាត់ធ្មេញ និងពិការមុខមាត់ នៅទូទាំងប្រទេស។

អង្គការស្នាមញញឹមកម្ពុជា (smile Cambodia) ក៏បានអញ្ជើញក្រុមគ្រូពេទ្យដែលស្ម័គ្រចិត្ត ពីសាធារណរដ្ឋប្រជាមានិតចិន មកពីអង្គការចំនួន២ គឺ Future Smile China និង BEAM Hong Kong ដើម្បីចូលរួមកម្មវិធីខាងលើនេះផងដែរ។

លោកហួត ហាក់ បានគាំទ្រយ៉ាងពេញទំហឹងនូវរាល់សកម្មភាពដែលផ្សារភ្ជាប់ ទេសចរណ៍ សុខភាព និងមនុស្សធម៌ ដែលព្រឹត្តិ​ការណ៍ដើរនៅថ្ងៃនេះ បានបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជាមិនត្រឹមតែមានប្រាសាទបុរាណដ៏អស្ចារ្យ និងតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាគឺជា “ព្រះរាជាណាចក្រ អច្ឆរិយៈដែលផ្តល់នូវភាពកក់ក្តៅ” តាមរយៈបេះដូងសប្បុរសធម៌របស់ប្រជាជនយើង ជាមួយនឹងស្នាមញញឹម ដែលត្រូវបានពិភពលោក ប្រសិទ្ធនាមថា “ស្នាមញញឹមកម្ពុជា”។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា សកម្មភាពនៅថ្ងៃនេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់រូបភាពវិជ្ជមានរបស់កម្ពុជា ទៅកាន់ពិភពលោកថា យើងគឺជាប្រជាជាតិមួយដែលពោរពេញដោយក្តីស្រឡាញ់ និងការចែករំលែក៕

LEAVE A REPLY

Please enter your comment!
Please enter your name here