ក្រសួងទេសចរណ៍គាំទ្រកម្មវិធីផ្សព្វផ្សាយ “ស្រុកខ្ញុំ ម្ហូបខ្ញុំ”

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានផ្តល់កិច្ចសហការគាំទ្រ លើកម្មវិធីផ្សព្វផ្សាយទេសចរណ៍ តាមរយៈមុខម្ហូបផ្សារភ្ជាប់គោលដៅទេសចរណ៍ “ស្រុកខ្ញុំ ម្ហូបខ្ញុំ” ដែលផលិតដោយក្រុមហ៊ុន Viettel (Cambodia) Pte. Ltd (Metfone)។

លោកហួត ហាក់ បានថ្លែងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យលោក អ៊ុក ជីបផល តំណាងក្រុមហ៊ុន Viettel (Cambodia) Pte. Ltd (Metfone) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំនៅកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់

ក្នុងឱកាសនៃជំនួបពិភាក្សានេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនក្រុមហ៊ុនថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា វិស័យទេ​សចរណ៍ ត្រូវបានចាត់ទុកជាវិស័យអាទិភាព ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដ៏សំខាន់បន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម​ តាមរយៈសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់កម្ពុជា រួមមានបេតិកភណ្ឌវប្បធម៌ ទេសភាពធម្មជាតិ និងម្ហូបអាហារដែលបង្កប់នូវអត្ថន័យ និងអត្តសញ្ញាណជាតិផងដែរ។

លោក អ៊ុក ជីបផល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន ចូលជួបពិភាក្សាការងារ លើសំណើសុំកិច្ចសហការគាំទ្រ ព្រមទាំងស្នើសុំអនុសាសន៍ដ៏មានតម្លៃរបស់ឯកឧត្តមរដ្ឋមន្រ្តីលើកម្មវិធី “ស្រុកខ្ញុំ ម្ហូបខ្ញុំ” ដែលត្រូវបានផលិតឡើង ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ផ្សារភ្ជាប់ជាមួយ ម្ហូបអាហារខ្មែរ ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនា។

លោក អ៊ុក ជីបផល
លោក អ៊ុក ជីបផល

កម្មវិធីជំរុញទេសចរណ៍ដ៏មានសារៈសំខាន់នេះ នឹងត្រូវផ្សព្វផ្សា​យតាមរយៈបណ្តាញផ្សព្វផ្សាយ របស់ក្រុមហ៊ុនដែលអាចទស្សនាបានគ្រប់ទី្វបនៃពិភពលោក។​

ជាកិច្ចឆ្លើយតប​ លោករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណដល់ក្រុមហ៊ុន  ចំពោះគំនិតផ្តួចផ្តើមដ៏ល្អ ក្នុងគោលបំណងលើកកម្ពស់ សក្តានុពលទេសចរណ៍ និងផលិតផលកម្ពុជា តាមរយៈទេសចរណ៍ម្ហូបអាហារ។

លោកហូត ហាក់ បានផ្តល់នូវកិច្ចសហការគាំទ្រផ្សព្វផ្សាយកម្មវិធីនេះ តាមរយៈបណ្តាញផ្លូវការរបស់ក្រសួង និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត ដើម្បីផ្សព្វផ្សាយកម្មវិធីនេះដល់ភ្ញៀវជាតិ និងអន្តរជាតិឱ្យមកទស្សនាគោលដៅទេសចរណ៍ ភ្លក្សមុខម្ហូបដ៏ឆ្ងាញ់ពិសាររបស់តំបន់នីមួយៗ ជាពិសេសទទួលយកនូវបទពិសោធន៍ដោយផ្ទាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here