ចំណេះដឹង​! តើ​នីតិវិធី​នៃ​ការចុះបញ្ជី​អចលនទ្រព្យ​ធ្វើឡើង​ដូចម្ដេច​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ការ​ចុះ​បញ្ជី​រអចលនទ្រព្យ​ ជា​រឿង​មួយ​ចាំបាច់​ដែល​អ្នក​នៅក្នុង​វិស័យ​នេះ​ គួរតែ​ដឹង​និង​សិក្សា​ស្វែងយល់​ ដើម្បី​ឈាន​ទៅ​ធ្វើការងារ​នេះ​ បាន​ប្រកប​ដោយ​ប្រសិ​ទ្ឋ​ភាព​ និង​ប្រាសចាក​ហានិភ័យ​។

យោង​តាម​ឯកសារ​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ឲ្យដឹង​ថា​ និ​តិ​វិធី​ចុះ​បញ្ជី​រអចលនទ្រព្យ​ត្រូវ​គោរព​តាម​គោលការណ៍​មួយចំនួន​ ដូចជា​ ទី១​.សម្រាប់​អ្នក​ដែល​មាន​អចលនទ្រព្យ​ដែល​ជាប់ពន្ធ​ ត្រូវ​ទៅចុះ​បញ្ជី​នៅកន្លែង​ណា​? ផ្អែកលើ​នីតិវិធី​នៃ​ច្បាប់​ អ្នកជាប់ពន្ធ​អចលនទ្រព្យ​ទាំងអស់​ មាន​កាតព្វកិច្ច​ត្រូវ​ទៅចុះ​បញ្ជី​អចលនទ្រព្យ​របស់​ខ្លួន​នៅ​រដ្ឋបាល​សារពើពន្ធ​ក្នុង​ភូមិសាស្ត្រ​ ដែល​អចលនទ្រព្យ​របស់​ខ្លួន​នោះ​ស្ថិតនៅ​។ ការ​ចុះ​ បញ្ជី​នេះ​ត្រូវ​ទៅ​ធ្វើ​យ៉ាង​យឺត​បំផុត​គិត​ត្រឹម​ថ្ងៃទី៣០​ ខែកញ្ញា​នៃ​ឆ្នាំ​ជាប់ពន្ធ​នី​មួយ​ៗ ហើយ​សម្រាប់​អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី​រួចហើយ​ មិន​ត្រូវ​បាន​ចុះបញ្ជី​ឡើងវិញ​នៅ​ឆ្នាំ​បន្តបន្ទាប់​នោះ​ទេ​។

ទី២​.តើ​គេ​អាចយ​កពាក្យ​ស្នើសុំ​ចុះបញ្ជី​ពន្ធ​ លើ​អចលនទ្រព្យ​បាន​នៅកន្លែង​ណាខ្លះ​? សម្រាប់​សាធារណជន​ដែល​មានបំណង​ចង់​ចុះបញ្ជី​អចលនទ្រព្យ​ អាច​ស្នើសុំ​ពាក្យ​ចុះបញ្ជី​អចលនទ្រព្យ​បាន​នៅ​រដ្ឋបាល​សារពើពន្ធ​ (សាខា​ពន្ធដារ​ខេត្ត​-ខណ្ឌ​) នៅក្នុង​ភូមិសាស្ត្រ​ដែល​អចលនទ្រព្យ​នោះ​ស្ថិតនៅ​។ ក៏ប៉ុន្តែ​ដោយសារតែ​បច្ចុប្បន្ន​នេះ​មាន​លក្ខណៈ​ងាយស្រួល​ជាង​មុន​ លោកអ្នក​មិន​ចាំបាច់​ទៅ​យកពាក្យ​ស្នើសុំ​ នៅ​សាខា​ពន្ធដារ​ផ្ទាល់​ទេ​ ពោល​គឺ​អាច​ទាញ​យក​ឯកសារ​នេះ​ នៅ​តាម​គេហទំព័រ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​គឺ​ www.tax.gov.kh​។ ពាក្យ​ស្នើសុំ​នេះ​ គឺ​ត្រូវ​ផ្តល់​ជូន​លោកអ្នក​ដោយ​ឥតគិតថ្លៃ​។

ទី៣​.ចង់​ចុះបញ្ជី​អចលនទ្រព្យ​ តើ​លោកអ្នក​ចាំបាច់​ត្រូវ​មាន​ឯកសារ​អ្វីខ្លះ​? ជាគោល​ការណ៍​នៅពេល​ដែល​លោក​ អ្នកដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​អចលនទ្រព្យ​ លោកអ្នក​ត្រូវ​នាំ​យក​ជាមួយ​នូវ​ឯកសារ​ជាច្រើន​ដែល​រួមមាន​៖ -អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬសំបុត្របញ្ជាក់​កំណើត​ ឬ លិខិតឆ្លងដែន​សម្រាប់​ជនបរទេស​។ -សៀវភៅ​គ្រួសារ​ ឬ សៀវភៅ​ស្នាក់នៅ​ ឬលិខិតបញ្ជាក់​ទីលំនៅ​។ -ប័ណ្ណ​សម្គាល់​សិទ្ធិ​ឬប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ ឬវិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី​ ឬ ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​អចលនទ្រព្យ​ ដែល​បញ្ជាក់​ដោយ​អាជ្ញាធរ​ឃុំ​/សង្កាត់​ឡើង​ទៅ​។ ក្នុងករណី​ដែល​អចលនទ្រព្យ​បង់​រំលស់​ ម្ចាស់​អចលនទ្រព្យ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​រវាង​អ្នកទិញ​ និង​អ្នកលក់​មក​ជាមួយ​ផង​។

ទី៤​ តើ​អ្នក​ចុះបញ្ជី​អចលនទ្រព្យ​នឹង​ទទួល​បានអ្វី​មកវិញ​ ពីរ​ដ្ឋ​បាល​សារពើពន្ធ​នៅពេល​បាន​ចុះបញ្ជី​? ។ នៅពេល​ដែល​លោកអ្នក​បាន​ចុះបញ្ជី​ថ្មី​រួចហើយ​ លោកអ្នក​នឹង​ទទួល​បាន​លិខិតបញ្ជាក់​ការចុះបញ្ជី​ពន្ធ​លើ​អចលនទ្រព្យ​ ដែល​មាន​ចុះ​លេខ​អត្តសញ្ញាណ​កម្ម​សារពើពន្ធ​នៃ​អចលនទ្រព្យ​ សម្រាប់​សម្គាល់​អចលនទ្រព្យ​នី​មួយ​ៗ ដែល​ចេញ​ដោយ​រដ្ឋបាល​សារពើពន្ធ​។ លេខ​អត្តសញ្ញាណ​កម្ម​សារពើពន្ធ​នេះ​ ត្រូវ​ប្រើលើ​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​អចលនទ្រព្យ​ទាំងអស់​។

ទី៥​.តើ​អ្នកជាប់ពន្ធ​អចលនទ្រព្យ​មាន​កាតព្វកិច្ច​អ្វីខ្លះ​នៅពេល​ដែល​អចលនទ្រព្យ​របស់​ខ្លួន​មានការ​ប្រែប្រួល​?។ ចំណុច​នេះ​ អ្នកជាប់ពន្ធ​អចលនទ្រព្យ​ទាំងអស់​ត្រូវ​ផ្តល់​ព័ត៌មាន​បន្ថែម​ទោ​តាម​ទម្រង់​ដែល​បាន​កំណត់​ដោយ​រដ្ឋបាល​សារពើពន្ធ​ក្នុងករណី​ដែល​៖ -អចលនទ្រព្យ​របស់​ខ្លួន​ត្រូវ​បាន​បំបែក​លក់​ ផ្ទេរ​ ឬផ្តល់​អំណោយ​ ហើយ​អចលនទ្រព្យ​ដែល​បាន​បំបែក​ថ្មី​ត្រូវតែ​ចុះបញ្ជី​ទៀត​។ -ដី​ត្រូវ​បាន​យក​ទៅ​សាងសង់​ផ្ទះ​ អគារ​ ឬសំ​ណង់​ផ្សេង​ៗ។ -ផ្ទះ​ អគារ​ និង​សំ​ណង់​ផ្សេង​ៗត្រូវ​បាន​សាងសង់​បន្ថែម​ ឬបន្ថយ​ ឬ រំលាយ​ចោល​។ -ការ​ផ្លាស់​ប្តូរ​កម្មសិទ្ធិករ​ អ្នកកាន់កាប់​ ឬអ្នកទទួល​បានផល​ប្រយោជន៍​ចុងក្រោយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here